(ហូជីមិញ)៖ ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា នៅលើទឹកដីប្រទេសវៀតណាមរយៈពេល១០ថ្ងៃ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានចាកចេញពីទីក្រុងហូជីមិញហើយ តាម ជើងយន្តហោះឆ្ពោះទៅកាន់ទីក្រុងហាណូយ ដែលជារដ្ឋធានីរបស់ប្រទេសវៀតណាម។
ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាភិបាលនៃប្រទេសទាំងពីរ និងការសម្របសម្រួលពីក្រសួងព័ត៌មានកម្ពុជា ដែលមានលោក ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រី រួមទាំងលោក លី វ៉ាន់ហុង ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជារៀងរាល់ឆ្នាំអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរបានផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នា ដើម្បីជាការចូលរួមចែករំលែកបទពិសោធន៏ព័ត៌មាន និងស្វែងយល់ពីគ្នាទៅវិញទៅមក។
ឆ្នាំនេះ តបតាមការអញ្ជើញរបស់ក្រសួងព័ត៌មាន របស់ប្រទេសវៀតណាម ក្រសួងព័ត៌មានកម្ពុជា បានបញ្ជូនអ្នកសារព័ត៌មានចំនួន១០រូប មកពីអង្គភាពរដ្ឋ និងឯកជន ដឹកនាំដោយលោក ហាស់ សំ អាត ទីប្រឹក្សានិងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេល១០ថ្ងៃ។ក្នុងនោះរួមមានមន្ត្រីក្រសួងព័ត៌មាន៣រូប ភ្នាក់ងាររបស់ទូរទស្សន៍ជាតិ វិទ្យុជាតិ ទីភ្នាក់ងារព័ត៌មាន AKP និងមកពីអង្គភាពឯកជនរួមមានអង្គភាពព័ត៌មាន Fresh News កាសែតរស្មីកម្ពុជា ទូរទស្សន៍ហង្សមាស និងទូរទស្សន៍អប្សរា។
លោកហាស់ សំអាត បានថ្លែងអោយដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មានបានចុះកិច្ចព្រមព្រៀងផ្លាស់ប្ដូរដំណើរទស្សនកិច្ចអ្នកសារព័ត៌មានគ្នាទៅវិញទៅមកជាមួយបណ្ដាលប្រទេសជាសមាជិកអាស៊ានបានចំនួន៤ប្រទេសហើយ ដែលរួមមានប្រទេសថៃ វៀតណាម ឡាវ និងប្រទេសម៉ាឡេសុី៕