(ភ្នំពេញ)៖ ទោះបីជាប្រឈមនឹងការរាតត្បាតកូវីដ១៩ ប៉ុន្តែទុននិយោគក្នុងវិស័យសំណង់ នៅកម្ពុជា នាឆ្នាំ២០២២នេះ ក៏មានទំហំទឹកប្រាក់ប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣។

ពិធីបើកសន្និបាតនេះ ធ្វើឡើងនៅពេលព្រឹក នាទីស្តីការក្រសួងរៀបចំដែនដី ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយពិធីបិទសន្និបាត នឹងធ្វើឡើងនាពេលរសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ។

បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ៣,៩២៥គម្រោង និងមានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១២,៦៨៤,១០២ម៉ែត្រក្រឡា ជាមួយនឹងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,២១០,៣៥៩,៥០៩ដុល្លារ គឺថយចុះជិត ៥០ភាគរយ។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៦១ ៤១៨គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៧៣ ២១៣.៧៥៦ម២ និងតម្លៃប៉ាន់ស្មានទុន វិនិយោគសរុបប្រមាណ ៦៨ ៨៣៧ ៥៤៣ ៨០៥ដុល្លារ៕