(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិតខំប្រមូលចំណូលបានចំនួន ៣៦៧ ១៣៩ ៨៩៦ ០៥០ រៀល (ប្រមាណជិត៩០លានដុល្លារ) ពីវិស័យដីធ្លី និងសំណង់ រួមទាំងសេវាផ្សេងៗ ដើម្បីដាក់ចូលជាថវិកាជាតិ។
ទោះជាយ៉ាងនេះក្តី ការប្រមូលចំណូលពីវិស័យដីធ្លី និងសំណង់ ក្នុងឆ្នាំ២០២២នេះ មានការថយចុះប្រមាណ ២២.២៦ភាគរយ បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ ក្រសួងរៀបចំដែនដី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការប្រមូលចំណូលរបស់ក្រសួងដែនដី ក្នុងឆ្នាំ២០២២នេះ រួមមាន៖
ទី១៖ ចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ៨ ៣៦៨ ០៩១ ៦៤០រៀល ក្នុងនោះមាន សេវាសំណង់ទូទៅចំនួន ៧ ១៨០ ៣១០ ៤០០រៀល, សេវាសំណង់លើសសន្ទស្សន៍ ១ ១៦៦ ០០០ ០០០រៀល, សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកចំនួន ១០ ៤៩៩ ២០០រៀល និងចំណូលជួលអចលនវត្ថុចំនួន ១១ ២៨២ ០៤៤រៀល។
ទី២៖ ចំណូលរបស់មន្ទីររៀបចំដែនដី តាមបណ្តារាជធានីខេត្តចំនួន ៣៥៨ ៧៧១ ៨០៤ ៤១០រៀល ក្នុងនោះមាន៖ សេវាសុរិយោដី ចំនួន ៧១ ៨២៨ ៣៦០ ១១០ រៀល, សេវាសំណង់ទូទៅ ចំនួន ៤៦ ៤៤២ ៨៦៥ ១០០រៀល និង ពន្ធប្រថាប់ត្រាចំនួន ២៤១ ០០០ ៥៧៩ ២០០រៀល។
របាយការណ៍របស់ក្រសួងរៀបចំដែនដី ត្រូវបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
ពិធីបើកសន្និបាតនេះ ធ្វើឡើងនៅពេលព្រឹក នាទីស្តីការក្រសួងរៀបចំដែនដី ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយពិធីបិទសន្និបាត នឹងធ្វើឡើងនាពេលរសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕