(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជួយឧបត្ថម្ភដល់អង្គការអាហ្វេស៊ីបកម្ពុជា។
ការចុះជួបសំណេះសំណាល និងឧបត្ថម្ភដល់អង្គការដែលកំពុងជួយដល់កុមារ និងយុវនារីនេះ គឺសកម្មភាពនៃការចែករំលែកក្តីស្រឡាញ់ ចូលរួមជួយដល់សង្គមដ៏ល្អ។
ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភសម្ភារៈសិក្សាចំនួន១១០កញ្ចប់, ផ្តល់អាហារូបករណ៍ដល់សិស្សចំនួន៣រូប សិក្សានៅមហាវិទ្យាល័យ គិតជាទឹកប្រាក់១២០០០ដុល្លារ នឹងឧបត្ថម្ភថវិកាចំនួន១០០០០ដុល្លារដល់អង្គការផងដែរ។ ក្រៅពីជួបសំណេះសំណាលលោកជំទាវក៏បានរៀបចំអាហារ KFC ភេសជ្ជៈ និងទទួលទានអាហារថ្ងៃត្រង់នៅទីនោះជាមួយកុមារៗ និងចែកវត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ។
សូមជម្រាបថា អង្គការអាហ្វេស៊ីបកម្ពុជា មានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អង្គការនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារីរងគ្រោះដោយវិបត្តិផ្សេងៗ រួមទាំងការរំលោភបំពានផ្លូវភេទជាដើម៕