(ភ្នំពេញ)៖ ក្រៅពីការទទួលបានពានរង្វាន់ «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប សម្រាប់ទេសចរណ៍ និងពាណិជ្ជកម្មហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នេះ ក៏ត្រូវបានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ប្រគល់មេដាយសមាជិកកិត្តិយសជូនផងដែរ បន្ទាប់ពីពួកគេបានមើលឃើញថា សម្តេចតេជោ បានដឹកនាំអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅទូទាំងសកលលោក និង ការលើកស្ទូយតម្លៃទេសចរណ៍វប្បធម៌ក្នុងកម្រិតសកល។
ក្នុងពិធីទទួលពានរង្វាន់ «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» និង មេដាយ «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ការជ្រើសរើសសម្តេចតេជោជាសមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប គឺជាការទទួលស្គាល់បំផុត នៃតម្លៃទស្សនវិស័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ និងថែរក្សាមរតកវប្បធម៌កម្ពុជា និងការកសាងលើវិស័យទេសចរណ៍ជាតិ ដោយធានាបាននូវការនាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ប្រកបដោយវឌ្ឍនភាពខ្ពស់ជូនជាតិមាតុភូមិកម្ពុជា៕