(ភ្នំពេញ)៖ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ នៅក្នុងប្រទេសកម្ពុជា បានកើនដល់ ២ ៥៣៤កន្លែង គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ ខណៈដែលគម្រោងបុរីនានាមានចំនួន ៥១០បុរីផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
តាមរបាយការណ៍ បានឱ្យដឹងថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសចំនួន ២ ៥៣៤អគារ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ១ ៦៧៥អគារ ខេត្តព្រះសីហនុ ចំនួន៦៨៥អគារ នៅខេត្តបន្ទាយមានជ័យចំនួន ១៣១អគា និងផ្សេងៗ ចំនួន៤៣អគារ។
ក្នុងចំណោមអគារខ្ពស់ៗទាំងនោះ គឺអគារដែលមានកម្ពស់ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួនសរុប ១ ៤២៣អគារ, អគារចាប់ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន៦៩៩អគារ, អគារចាប់ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ២៣៣អគារ, អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១២៩អគារ, អគារចាប់ពី៤០ជាន់ឡើង មានចំនួន ៥០អគារ។
របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ សម្រាប់គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៥១០ គម្រោង។ ដោយឡែកគិតពីឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ អគារផ្ទះល្វែងមានចំនួន ៨៩ ៥៣១ខ្នង និងអគារស្នាក់នៅរួមមានចំនួន ៤៣៤គម្រោង។
បើតាមរបាយការណ៍, គិតពីឆ្នាំ២០០៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានសំណង់លំនៅឋានមានចំនួន ៣៤ ៣៧៣គម្រោង, សំណង់អគារសណ្ឋាគារមានចំនួន ១ ០៧៣គម្រោង, សំណង់អគារពាណិជ្ជកម្មមានចំនួន ៣ ១៣៦គម្រោង (សំណង់អគាររោងចក្រមានចំនួន១០ ៦២៩គម្រោង) និងសំណង់អគារពហុមុខងារមានចំនួន ៣៣០គម្រោង៕