(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលា ភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះកម្មសិក្សា ការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ជាគំរូដ៏ល្អមួយ ក្នុងការចូលរួមអនុវត្តន៍ការងារសង្គម។

ក្នុងពិធីសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណជូនកម្មសិក្សាការី ថ្នាក់នគរភ្នំចំនួន ៧២អង្គ/នាក់ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោក យក់ ប៊ុនណា បានកត់សម្គាល់នូវសមិទ្ធផលការងារសង្គមមួយចំនួនរបស់កម្មសិក្សា ការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ។ សមិទ្ធផលការងារដែលបានគូសរំលេចនោះមានដូចជា ការជួយកសាងអគារសិក្សា នៅក្នុងសាលាបឋមសិក្សាត្រពាំងទ្រាំ ស្ថិតនៅភូមិត្រពាំងទ្រាំ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ព្រមទាំងបានចែករំលែកទាំងចំណេះដឹង បទពិសោធន៍ការងារផ្សេងៗ ។ បន្ថែមពីលើនោះ បានបរិច្ចាគទ្រព្យធនជួយប្រជាពលរដ្ឋ និង សិស្សនៅតាមសហគមន៍តំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ជាមួយគណៈគ្រប់គ្រង មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល។

លោក យក់ ប៊ុនណា បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មសិក្សាការីទាំងអស់ ដែលមានទឹកចិត្តប្រកបដោយសប្បុរធម៌ និងសង្គហធម៌ បង្ហាញនូវទឹកចិត្តដ៏ថ្លៃថ្លាក្នុងការចូលរួមចំណែកលើកកម្ពស់ ការអប់រំសម្រាប់កុមារ និងជាការបង្ហាញប្រពៃណីដ៏ផូរផង់ នៃការចែករំលែកក្នុង សង្គមជាតិ។ ជាពិសេសកម្មសិក្សាការរី បានស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំ សាលាយ៉ាងយកចិត្តទុកដាក់ មានការសហការសាមគ្គីគ្នាបានល្អ មូលមតិគ្នា ឯកភាពគ្នាជាធ្លុងមួយចូលរួមការងារសង្គមយ៉ាងសកម្ម ព្រមទាំងបានបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជួយចែករំលែកជួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងសិស្សនៅក្នុងសហគមន៍ តំបន់ដាច់ស្រយាល ជាសិល្បៈនៃការចែករំលែក អនុវត្តន៍តាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងពិធីនោះ លោកនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានលើកឡើងពីគោលបំណងបង្កើតឱ្យមានកម្មវិធីការងារសង្គមនៅក្នុងសាលាភូមិន្ទរដ្ឋបាលផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រី ការបង្កើតឱ្យមានកម្មវិធីសង្គមនេះ គឺដើម្បីឱ្យកម្មសិក្សាការីចេះធ្វើការងារជាក្រុម បង្កើនស្មារតីសាមគ្គីភាព ចេះចែករំលែកចំណេះដឹង ទ្រព្យសម្បត្តិដល់អ្នកផ្សេង។

បន្ថែមពីលើនោះ ក៏ដើម្បីលើកកម្ពស់ជំនាញផ្នែកទន់ដល់មន្ត្រីជាកម្មសិក្សាការី ឱ្យចេះគោរពប្រតិបត្តិក្រមសីលធម៌ធ្វើជាគំរូល្អ រៀនទទួលស្គាល់កំហុស ចេះរំលឹកសតិកែតម្រូវខ្លួនឯង លះបង់ទស្សនៈអាត្មានិយម កុំទម្លាប់យកហេតុផល ធ្វើជាឧបស្គក្នុងការបំពេញការងារ ចេះស្ដាប់យោបល់អ្នកដទៃដោយសុទ្ធចិត្ត ចេះស្វែងយល់ និងស្គាល់ស្ថានភាពជាក់ស្ដែងនៅគ្រប់កាលៈទេសៈ។

បើតាមលោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៃសាលាភូមិន្ទរដ្ឋបាលបានឱ្យដឹងថា ក្រៅពីសិក្សាជាង៥០០ម៉ោង កម្មសិក្សាការី ថ្នាក់នគរភ្នំ បានឆ្លៀតយកពេលវេលាដ៏មានតម្លៃ ចូលរួមអនុវត្តការងារសង្គម ជាមួយគណៈគ្រប់គ្រង មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាលបានចំនួន ៤លើករួមមាន៖

លើកទី១៖ នៅខេត្តកំពង់ស្ពឺ គឺកម្មវិធីបុណ្យវិសាខបូជា បុណ្យផ្កាមហាសាមគ្គី និងដាំកូនឈើប្រណិត នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

លើកទី២៖ នៅខេត្តសៀមរាប កម្មវិធីដាំដើមឈើតាមសងខាងផ្លូវចូលទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងកម្មវិធីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងភរិយា។

លើកទី៣៖ នៅខេត្តក្រចេះ បានចូលរួមផ្តល់អំពូលសូឡាដល់សាលាភូមិន្ទ រដ្ឋបាលនូវអំពូលសូឡា ២០ដើម ស្មើនឹងថវិកា ១,៧០០ដុល្លារ ដើម្បីអនុវត្ត ការងារសង្គម «កម្មវិធីអំពូលសូឡាបំភ្លឺសហគមន៍» ដើម្បីរៀបចំអំពូលសូឡាបំភ្លឺ នៅតាមបណ្ដោយផ្លូវស្របដងទន្លេមេគង្គ ក្នុងឃុំសំបុក និងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានចូលរួមការងារសង្គមមួយចំនួនទៀត ជាមួយសាលាភូមិន្ទ រដ្ឋបាល ក្នុងគោលបំណងបណ្ដុះគំនិត ការផ្ដួចផ្ដើមជំរុញស្មារតីការងារជាក្រុម បង្កើនសមត្ថភាព ក្នុងការគ្រប់គ្រង ដឹកនាំ ទំនាក់ទំនង និងបង្កើនសមត្ថភាព ក្នុង ការដោះស្រាយបញ្ហាប្រឈម និងបរិស្ថានជុំវិញជាក់ស្ដែង ព្រមទាំងលើកកម្ពស់ សុខមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងការសិក្សាអប់រំ។

កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ ក៏បានរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍បៃតង ក្រោមប្រធានបទ «ចូលរួមលើក កម្ពស់សុខុមាលភាព បរិស្ថាន និងការអប់រំនៅភូមិយើង» ស្ថិតនៅភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ គម្រោងនេះ មានកម្មវិធីផ្ដោតសំខាន់ លើធម្មសាកញ្ឆា, ការដាំដើមឬស្សីផ្អែម, ការប្រគល់អំពូលសូឡា, ការផ្ដល់ ថ្នាំពេទ្យ, ការផ្ដល់សម្ភារសិក្សា កុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ និងការផ្ដល់សៀវ ភៅធម៌ និងបច្ច័យកសាង។ អភិវឌ្ឍន៍សហគមន៍បៃតងនេះ ត្រូវបានចំណាយ អស់ថវិកាសរុបចំនួន ១៤,៦៩០,១០០រៀល និង ៣,១៧២.៨២ដុល្លារ។

កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ថ្នាក់នគរភ្នំ ក៏បានចូលរួម ប្រគល់ថវិកាចំនួន ១៥,០០០ដុល្លារ ដល់សាលាភូមិន្ទរដ្ឋបាល សម្រាប់ការចូល រួមដំណើរការសាងសង់អគារនៃសាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

លើកទី៤៖ នៅខេត្តកំពត បានរៀបចំ និងអនុវត្តការងារសង្គម ក្រោមប្រធានបទ «ការលើកកម្ពស់បរិស្ថាន និងការអប់រំនៅតាមជនបទ» ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពតការងារសង្គមនេះ មានកម្មវិធីផ្ដោតសំខាន់លើ ១.ចែកសម្ភារ:សិក្សាដល់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៣, ២.ប្រគល់កូនឈើ ១៥០ដើមដល់សាលាបឋមសិក្សាចំនួន៣, ៣. ប្រគល់ថវិកា ៣លានរៀល ដល់សាលាបឋមសិក្សាចំនួន៣ និង៤. ចែកគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ។ ការងារសង្គមនេះ ត្រូវបានចំណាយអស់ថវិកាសរុបចំនួន ១៣, ៦៦៤,០០០រៀល និង ៥,៨៥៥ដុល្លារ។

លោក ធួង សំណាង តំណាងកម្មសិក្សាការី បានថ្លែងការចាប់អារម្មណ៍ ដោយថ្លែងអំណរគុណ និងអរគុណជាអតិបរមា ចំពោះលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារ សាធារណៈ និងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូនៃសាលាភូមិន្ទរដ្ឋបាល និងសាស្ត្រា ចារ្យទាំងអស់ដែលបង្រៀននៅសាលាភូមិន្ទរដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ដឹកនាំ និងបណ្តុះបណ្តាល។

ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល មិនត្រឹមតែទទួលបាននវានុវត្តន៍ចំណេះ ដឹងថ្មីៗ និងជំនាញក្នុងការអនុវត្តការងារប៉ុណ្ណោះទេ ថែមទាំងឱ្យសិស្សទាំងអស់ គ្នាបានស្វែងយល់បន្ថែមនូវបំណិនជីវិត ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សុជីវធម៌ គុណធម៌។ ជាក់ស្ដែងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ ដែលបានមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ក្នុងជីវភាព មុខងារ ឋានៈ អាយុ និងស្ថានភាពគ្រួសារខុសៗគ្នា តែមានបេះដូងតែមួយ ក្នុងការចូលរួមអនុវត្តការងារសង្គមរួមគ្នា ដោយឈរលើឆន្ទៈ មនសិការ និងទស្សនៈរួមគឺ «មនុស្សធម៌ និងការអប់រំយុវជនជំនាន់ក្រោយ»