(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីបាតុភាពរបស់លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដែលត្រូវបានមន្ត្រី បុគ្គលិកអប់រំថ្នាក់ក្រោម បកអាក្រាតនៃការប្រព្រឹត្តអំពើពុករលួយ។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីបាតុភាពរបស់លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងអប់រំ ដោយមានសមាសភាពចូលរួមថ្នាក់ដឹកនាំក្រសួងអប់រំចំនួន២០រូប។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះថា ចំពោះករណីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលត្រូវបានមន្រ្តីនៃមន្ទីរអប់រំខេត្ត នាយកសាលា និងលោកគ្រូ-អ្នកគ្រូ ចោទបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន, ក្រសួងអប់រំនឹងប្រជុំពិនិត្យ បន្ទាប់ពីបញ្ចប់ការងារប្រឡងសញ្ញាបត្របាក់ឌុបរួច។ ពេលនេះ បន្ទាប់ពីបញ្ចប់ការងារប្រឡងបាក់ឌុប លោករដ្ឋមន្ត្រីបានកំណត់យកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ដើម្បីប្រជុំពិនិត្យពិភាក្សា។
សូមជម្រាបថា បន្ទាប់ពីទទួលបានបណ្តឹងចោទប្រកាន់ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ, លោក ហង់ជួន ណារ៉ុន បានចាត់មន្រ្តីមួយក្រុម ដើម្បីចុះធ្វើអធិការកិច្ចទាក់ទងនឹងករណី ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ដែលជាប់សង្ស័យប្រព្រឹត្តិអំពើពុករលួយ និងកិបកេងថវិកាជាតិ។ មន្ត្រីអធិការកិច្ចមួយក្រុមមានគ្នា៦នាក់ ដឹកនាំដោយ លោកបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៃក្រសួងអប់រំយុវជន និងកីឡា អមដោយមន្ត្រី៥រូបផ្សេងទៀត។
មន្ត្រីទាំងនោះបានធ្វើបេសកកម្មចេញទៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ និងបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរអប់រំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។
លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន ចោទប្រធានមន្ទីររូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារសាធារណៈ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមសំណុំឯកសារជាច្រើនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន មន្ត្រីអប់រំទាំងនោះ ក៏បានដាក់ពាក្យស្នើសុំឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ចប់តំណែងលោក អ៉ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំត្បូងឃ្មុំផងដែរ ដោយសារអះអាងថា ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរ រយៈពេលប៉ុន្មានឆ្នាំមកនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕