(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធពិធីអបអរសាទរខួបបីឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក Lin Ruihua ទីប្រឹក្សាអប់រំ និងវប្បធម៌នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងលោកស្រី កែវ ដាណា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជាតំណាងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ និស្សិតរបស់សកលវិទ្យាល័យជាតិបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

លោក Lin Ruihua បានថ្លែងថា ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ ជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅយូរអង្វែង។ ប្រជាជនចិនតែងតែហៅប្រជាជនកម្ពុជាថាជា «មិត្តភក្តិដែកថែប» ហើយប្រទេសចិន និងកម្ពុជា បានបង្កើតនូវទំនាក់ទំនងមិត្តភាពយ៉ាងជ្រៀលជ្រៅ តាំងពីមេដឹកនាំជំនាន់មុនៗមកម៉្លេះ។ ហើយថ្នាក់ដឹកនាំជំនាន់ថ្មី ក៏មានការប្រាស្រ័យទាក់ទងគ្នា ជាញឹកញាប់ ដើម្បីចាក់គ្រឹះកាន់តែរឹងមាំ ថែមទៀតសម្រាប់ទំនាក់ទំនង បន្តទៅមុខទៀតនៃប្រទេសទាំងពីរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងកម្ពុជាបានសហការគ្នាកាន់តែស្អិតរមួត ទៅលើវិស័យនយោបាយ សេដ្ឋកិច្ច យោធា វប្បធម៌ការអប់រំ។ល។ ក្នុងបុព្វហេតុដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរ សម្រាប់ទំនាក់ទំនងរវាងចិន-កម្ពុជា។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងភាគីកម្ពុជា បានថ្លែងអបអរសាទរពិធីខួបបីឆាំ្ននៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបាត់ដំបង តាមរយៈរូបភាពវីដេអូថា ព្រះរាជាណាចក្រកម្ពុជា បានគាំទ្រគោលនយោបាយស្តី ពីគំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវាត់មួយ» ហើយប្រទេសកម្ពុជា និងប្រទេសចិន បាននឹងកំពុងស្ថាបនាទំនុកចិត្តផ្នែកនយោបាយ ដោយផ្អែកលើផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក និងបានពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យ។

លោកបន្តថា បន្ថែមពីនេះ សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសនាំមុខគេលើការធ្វើវិនិយោគទុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានក្លាយជាប្រទេសលេចធ្លោមួយ ក្នុងការធ្វើវិនិយោគទុនធុរកិច្ចលើគ្រប់វិស័យ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបានថ្លែងដោយសង្កត់ធ្ងន់បញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងការអភិវឌ្ឍរួមគ្នាបង្កើតឱ្យមានកម្មវិធីសិក្សា «ភាសាចិនសាកល្បង» នៅក្នុងសាលារដ្ឋមួយចំនួន ដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអប់រំនឹងជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការ បណ្តុះបណ្តាលភាសាចិន នៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សាដើម្បីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងប្រទេសកម្ពុជា ព្រមទាំងចូលរួមលើកកម្ពស់គុណភាពអប់រំ បង្កើននូវឱកាសការងារ ដើម្បីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យបណ្ឌិត យី យុងហ៊្សុង (Yi Yong Zhong) សហនាយកវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានថ្លែងថា ថ្ងៃនេះ យើងបានជួបជុំគ្នាអបអរសាទរខួបបីឆ្នាំ នៃការបើកសម្ពោធវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង។ ឆ្នាំ២០២២ គឺជាឆ្នាំប្រកបដោយផ្លែផ្កា សម្រាប់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង ដែលបាន និងកំពុងធ្វើការយ៉ាងសកម្ម ជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋាន ក្នុងការបង្កើតមជ្ឈមមណ្ឌលសិក្សា ហើយបច្ចុប្បន្នវិទ្យាស្ថានបានបង្កើតថ្នាក់រៀនភាសាចិនអន្តរជាតិ ចំនួន១៨កន្លែង នៅក្នុងសាកលវិទ្យាល័យ, វិទ្យាល័យ, សាលាបឋមសិក្សា, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បញ្ជាការដ្ឋានយោធភូមិភាគ ធនាគារ អង្គភាពរដ្ឋបាលខេត្ត/ក្រុង និងសហគ្រាសចិន។

លោកបន្តថា វិទ្យាស្ថានខុងជឺបានបើកថ្នាក់បង្រៀនឯកទេសភាសាចិន និងថ្នាក់បង្រៀនភាសាចិនវគ្គខ្លី នៅសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ ដោយមានសិស្ស និស្សិតចុះឈ្មោះចូលរៀនជាង៥ពាន់នាក់។ ការបង្រៀននេះបានគ្របដណ្តប់ នៅតាមបណ្តាខេត្តនានារួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ខេត្តសៀមរាប រាជធានីភ្នំពេញនិងខេត្ត-ក្រុងដទៃទៀត ដែលជាមូលដ្ឋានបង្កើតគំរូនៃវិធីសាស្ត្របណ្តុះបណ្តាល «បេះដូងមួយស្លាបពីរ និង ជើងប្រាំមួយ» ដោយមានទាំងការបណ្តុះបណ្តាលរយៈពេលខ្លី និង រយៈពេលវែង។ យើងបានដាក់បញ្ចូលភាសាចិន ទៅក្នុងកម្មវិធីអប់រំ គ្រប់កម្រិតរួមមានកម្រិតបរិញ្ញាបត្រ និងវិញ្ញាបនបត្រ។ រយៈពេលមួយឆ្នាំកន្លងមកនេះ ភាគរយនៃបេក្ខជនប្រឡងជាប់ភាសាចិន HSK បានឈានដល់៩១%ហើយ ភាគរយការប្រឡងជាប់នៃ ការប្រលងនិយាយភាសាចិន HSKK បានឈានដល់៨០% ។

លោកសាស្ត្រាចារ្យ អ៊ី យ៉ុងជុង បានបន្ថែមថា រយៈពេលបីឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺ បានបន្តបង្កើនសកម្មភាពការផ្លាស់ប្តូរវប្បធម៌ និងបានផ្តល់ឱកាសដល់អ្នកស្រឡាញ់ចូលចិត្តភាសាចិននៅកម្ពុជា ឱ្យធ្វើការបង្ហាញពីទេព្យកោសល្យ របស់ពួកគេទៀតផង។ ហើយសកម្មភាពទាំងនេះ ក៏បានក្លាយជាស្ពានតភ្ជាប់ការអប់រំភាសាចិនអន្តរជាតិ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាមួយប្រទេសចិន ហើយវាក៏ជាការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជានិងជាការលើកកម្ពស់ចំណងមិត្តភាព រវាងប្រជាជាតិទាំងពីរផងដែរ។

លោកបណ្ឌិត សំ រ៉ានី ជាសកលវិទ្យាធិការង និងជាសហនាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលបីឆ្នាំនេះវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងចំណងស្ពានមិត្តភាព សាមគ្គីភាព និងធ្វើការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជនកម្ពុជា និងប្រជាជនចិន។ លើសពីនេះទៅទៀត វិទ្យាស្ថានខុងជឺនៃសាកលវិទ្យា ល័យជាតិបាត់ដំបងបានបំពេញតួនាទីសំខាន់ៗដូចជា៖ ការបង្រៀនភាសាចិនគ្រប់កម្រិតដល់សាធារណជន ការបណ្តុះបណ្តាលគរុកោសល្យដល់គ្រូបង្រៀនភាសាចិន និងការបើកថ្នាក់រៀនភាសាចិន តាមគ្រឹះស្ថានអប់រំ អង្គភាពសាធរណៈ និងឯកជននានា។

លោកបន្តថា វិទ្យាស្ថានបានរៀបចំ មជ្ឈមណ្ឌលប្រឡងតេស្តភាសាចិនអន្តរជាតិដំបូងគេ ក្នុងភូមិភាគពាយ្យនៃប្រទេសកម្ពុជា និង ផ្តល់វិញ្ញាបនបត្រគរុកោសល្យ ដល់គ្រូបង្រៀនភាសាចិនកម្រិតអន្តរជាតិ និងបានផ្តល់ប្រឹក្សាពីព័ត៌មានសង្គម សេដ្ឋកិច្ច វប្បធម៌ និងការអប់រំនៅប្រទេសចិន ព្រមទាំងផ្តល់ប្រឹក្សាការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតរួមគ្នា និងការរៀបចំកម្មវិធីអាហារូបករណ៍ របស់វិទ្យាស្ថានខុងជឺ ថ្នាក់បណ្ឌិត និងអាហារូបករណ៍ភាពជាអ្នកដឹកនាំវ័យក្មេង សម្រាប់អ្នកសិក្សាកម្ពុជាផងដែរ៕