(ភ្នំពេញ)៖ សិស្សសាលាអន្តរជាតិ ZAMAN ចំនួន ១៧រូប បានដណ្តើមមេដាយចំនួន ១៧គ្រឿង ពីការប្រកួតប្រជែងទេព្យកោសល្យអូឡាំព្យាដ (GENIUS OLYMPIAD) ដែលបានរៀបចំដោយសាកលវិទ្យាល័យរដ្ឋនៃទីក្រុងញូវយ៉ក នៅអូស្វេហ្គូ ប្រទេសអាមេរិក។
ទេពកោសល្យអូឡាំព្យាដ ជាការប្រកួតប្រជែងអន្តរជាតិទៅលើគម្រោង ដែលទាក់ទងទៅនឹងផ្នែកបរិស្ថាន សម្រាប់សិស្សានុសិស្សកម្រិតវិទ្យាល័យ។ ការប្រកួតប្រជែងនេះ ត្រូវបានបង្កើតឡើងដោយ Terra Science and Education និងត្រូវបានរៀបរៀងដោយសាកលវិទ្យាល័យ រដ្ឋ នៃទីក្រុងញ៉ូវយ៉ក នៅអូស្វេហ្គូ។
ទេពកោសល្យអូឡាំព្យាដ ឆ្នាំ២០១៦នេះ បានរៀបចំឡើងជាវិញ្ញាសាទូទៅចំនួន៥ ដែលផ្តោតទៅលើបរិស្ថានដូចជាវិទ្យាសាស្ត្រ រូបភាព និងសិល្បៈសម្តែង ពាណិជ្ជកម្ម ការសរសេរ និង ការគូរប្លង់ប្រកបដោយភាពច្នៃប្រឌិត។ ពាក្យ GENIUS ជាពាក្យកាត់មកពី Global Environment Issue and Us។
ទេពកោសល្យអូឡាំព្យាដ ឆ្នាំ២០១៦ បានជ្រើសរើសគម្រោងចំនួន៤៩៥ ចេញពីគម្រោងដែលបានដាក់ពាក្យចំនួន ១២៥៩ និង មានការចូលរួមពីសិស្សានុសិស្ស និងអ្នកត្រួតពិនិត្យចំនួនប្រហែលជា ៨៥០នាក់ ដែលមកពី ៦៥ប្រទេស និងទាំង ៤០រដ្ឋ របស់សហរដ្ឋអាមេរិក។
សិស្ស ២៣នាក់ នៃសាលាអន្តរជាតិហ្សាម៉ាន់ ដែលមានគម្រោងចំនួន១២ បានតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងទេព្យកោសល្យអូឡាំព្យាដ។ ក្នុងចំណោមនេះ សិស្សានុសិស្សចំនួន ១៧នាក់ ដែលមានគម្រោងចំនួន៩ បានឈ្នះមេដាយដូចជា មាសចំនួន ៣គ្រឿង ប្រាក់ចំនួន ៤គ្រឿង និងសំរិទ្ធចំនួន ១០គ្រឿង។
សូមបញ្ជាក់ថា សាលាអន្តរជាតិហ្សាម៉ាន់ តែងបានបញ្ជូនសិស្សរបស់ខ្លួន ទៅចូលរួមការប្រកួតប្រជែងនេះ ជារៀងរាល់ឆ្នាំ ហើយក៏តែងទទួល បានមេដាយជារៀងរាល់ឆ្នាំផងដែរ៕