(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គម Instagram បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ជាង ៥០០លាននាក់ ក្នុងនោះមាន ៣០០លាននាក់ បានប្រើប្រាស់ជាប្រចាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ Instagram នៅថ្ងៃទី២២ ខែមិថុនា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ Instagram បានឲ្យដឹងថា នេះជាជោគជ័យធំធែងមួយ សម្រាប់ឆ្នាំនេះ ដែលតួលេខនៃអ្នកប្រើប្រាស់ បានកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ។
លោក Mark Zuckerberg ស្ថាបនិក Facebook និងជាម្ចាស់ក្រុមហ៊ុន Instagram បានឲ្យដឹងថា នេះជាលទ្ធផលដ៏អស្ចារ្យ ហើយវាក៏ជាការ បើកទ្វារស្វាគមន៍ពិភពលោក ដើម្បីចែករំលែក និងផ្សារភ្ជាប់ទំនាក់ទំនងមនុស្សទាំងអស់ នៅជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថា Instagram ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ ដោយលោក Kevin Systrom និង Mike Krieger ហើយត្រូវបាន Facebook ទិញយកនៅខែមេសា ឆ្នាំ២០១២ ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក៕