(ភ្នំពេញ)៖ ​ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ និងលោក ឌី រ័ត្នខេមរុណ អភិបាលរង និងជាប្រធានកាកបាទក្រហមខណ្ឌ នៅរសៀលថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ​២០២២នេះ​​​​ បានចុះសាកសួរសុខទុក្ខ​ និងនាំអំណោយមនុស្សធម៌ ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួន១៤គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ កាលពីវេលាម៉ោង១៖៣០យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២២នេះ ស្ថិតនៅភូមិ១២ ក្នុងបុរីកីឡា សង្កាត់វាលវង់។

លោក ថេង សុថុល ប្រធានក្រុមការងារ បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។

លោក ថេង សុថុល ក៏បានគូសបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោក ឌី រ័ត្នខឹមរុណ បញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម​ មី១កេស​ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ និងថវិកាចំនួន១០មុឺនរៀល​៕