(ក្រចេះ)៖ មន្ទីរបរិស្ថានខេត្តក្រចេះ នៃក្រសួងបរិស្ថាន នឹងស្រាវជ្រាវស្វែងរកបុគ្គលដែលបន្លំធ្វើជាមន្ត្រីបរិស្ថាន ដើម្បីដើរជម្រិតទារប្រាក់ពីប្រជាពលរដ្ឋ មកចាត់ការតាមច្បាប់។ ការក្លែងបន្លំជាមន្ត្រីបរិស្ថានមកប្រើប្រាស់នេះ វាជាមធ្យោបាយមួយដើម្បីដើរជម្រិតទារប្រាក់ប្រជាពលរដ្ឋ។
ការប្រកាសបែបនេះ របស់មន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានបុគ្គលខិលខូច បានបន្លំខ្លួនធ្វើជាមន្ត្រីបរិស្ថានខេត្តក្រចេះ ដើម្បីប្រព្រឹត្តបទល្មើស ដោយធ្វើការឃាត់ម៉ូតូរ៉ឺម៉ក ដឹក និងតុបន្តិចបន្តួចរបស់ប្រជាពលរដ្ឋលក់ដូរចិញ្ចឹមក្រពះ ដើម្បីជម្រិតទារប្រាក់គាត់ដែលប្រព្រឹត្តទៅនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
មន្ទីរបរិស្ថានខេត្តក្រចេះ ក៏សូមសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខ មកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថាន ដើម្បីធ្វើការទប់ស្កាត់បទ ល្មើសធនធានធម្មជាតិ។ តែការពិតជនទាំងអស់នេះបានធ្វើការអុកឡុកបំពុលសង្គមដោយយកឈោ្មះបរិស្ថាន ជាគោលក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។
មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការបញ្ជាក់ថា «បុគ្គលខាងលើពុំមែនជាមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តក្រចេះឡើយ។ ហេតុនេះមន្ទីរបរិស្ថានខេត្តក្រចេះ នឹងស្រាវជ្រាវរកកំណត់អត្តសញ្ញាណជនដែលប្រព្រឹត្តដើម្បីបន្តនីតិវិធី»។
មន្ទីរបរិស្ថានខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនដែលតាំងខ្លួនជាអ្នកការពារ និងអភិរក្សធនធានធម្មជាតិទាំងអស់បញ្ឈប់នូវសកម្មភាពក្លែងបន្លំយកឈ្មោះមន្ទីរបរិស្ថានមកប្រើប្រាស់បន្តទៀត៕