(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌ សហការជាមួយមន្រ្តីពាក់ព័ន្ធ និងមានការចូលរួមសម្របសម្រួល ពីតំណាងអយ្យការផងនោះ បានបើកប្រតិបត្តិការ ចុះទៅរុះរើ កញ្ចុះនៅតាមមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ដើម្បីបង្កើនសោភ័ណភាព ក៏ដូចជាការលើកកម្ពស់ លើផ្នែលបរិស្ថាន។
លោក ហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វារ ដែលដឹកនាំកម្លាំងចុះបំពេញការងារនេះ បានប្រាប់ភ្នាក់ងារ Fresh News ថា «ប្រតិបត្តិការ ចុះមករុះរើកញ្ចុះ ដែលសង់នៅតាមមាត់ទន្លេនេះ គឺគោលបំណង កុំឲ្យមានការប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់សង្គម និងជាពិសេសនោះគឺប៉ះពាល់ទឹកតែម្តង ដោយមានការទម្លាក់កាកសំណល់ផ្សេងៗ ចូលទន្លេពីអ្នកអង្គុយហូបនៅលើកញ្ចុះ»។
អភិបាលរងរូបនេះ បានបញ្ជាក់ថា មុនអាជ្ញាធរចុះមករុះរើ កញ្ចុះទាំងនេះ យើងបានជូនដំណឹងដល់ម្ចាស់ទីតាំងផងដែរ ប៉ុន្តែដល់ថ្ងៃ ឱសានវាទហើយ ពួកគេនៅតែមិនទាន់រុះរើទៀត ទើបយើងចុះមករុះរើតែម្តង។
យ៉ាងណាក៏ដោយ អាជ្ញាធរមិនទាន់អាចបញ្ជាក់ ពីចំនួនកញ្ចុះនៅឡើយទេ ប៉ុន្តែមានច្រើន ខណ:ក្រុមការងារ បាននិងកំពុងបន្តការងារ នេះនៅឡើយ៕