(ភ្នំពេញ)៖ ក្រុមចោរប្រដាប់អាវុធ២នាក់ បានបាញ់ប្លន់យកម៉ូតូប្តីប្រពន្ធ១គូបានសម្រេចនៅសង្កាត់កន្ទោក ខណ្ឌកំបូល ដែលបណ្តាលឲ្យជនរងគ្រោះជាប្តីត្រូវ១គ្រាប់រងរបួសធ្ងន់ ត្រូវបញ្ជូនសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍បាញ់ប្លន់ខាងលើ បានកើតឡើងនៅវេលាម៉ោង ៤ជាងទាបភ្លឺថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឆិល អាត អាយុប្រហែល៣៦ឆ្នាំ រស់នៅភូមិជ្រៃវែង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រពន្ធឈ្មោះ ឃឹម សៅ បច្ចុប្បន្នធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលម្ដុំផ្សារអង្គសង្កាត់ចោមទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានជិះម៉ូតូចេញពីស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ទៅភ្នំពេញ វេលាម៉ោងប្រហែល៣ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿងដកកាំភ្លើងបាញ់ទៅជនរងគ្រោះ១គ្រាប់បណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូបានសម្រេចរួចលើកយកម៉ូតូជិះគេចបាត់អស់។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យលោកសង្ឃ បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕