(កំពង់ឆ្នាំង)៖ លោក ឈៀង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ រួមនិងថវិកាមួយចំនួនចែកជូនដល់ជនពិការ ជនចាស់ជរា និងនិវត្តជនសរុប៥គ្រួសារ ក្នុងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង តាមការស្នើសុំរបស់បណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង។

ក្នុងនោះស្ត្រី២នាក់ ម្នាក់ជាជនពិការភ្នែកមើលមិនឃើញ នឹងស្ត្រីម្នាក់ទៀតពិការជើងម្ខាង ទើបសម្រាលកូនរួច ស្ត្រីទាំង២នាក់នេះរស់នៅក្នុងភូមិព្រែកសាលា ឃុំទឹកហូត និងលោកយាយចាស់ជរា ២នាក់មានវ័យ៨៨ឆ្នាំដូចគ្នា មានទីលំនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងនិវត្តជនម្នាក់គឺអ៊ុំស្រី សួន វ៉ាទី ជាអតីតអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង មានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង។

លោក ឈៀង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តបតាមការស្នើសុំជាគ្រឿងឧបភោគបរិភោគរបស់លោក សាយ សន្យា ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីជួយឧបត្ថម្ភដល់ជនមានពិការភាព ចាស់ជរា និងនិវត្តន៍ជនទាំង៥គ្រួសារខាងលើនេះ។

លោកក៏បានកៀរគរដល់សប្បុរសជននានា រួមនឹងបុគ្គលិកនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត មានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងសម្ភារប្រើប្រាស់ រួមទាំងថវិកាមួយចំនួន ផ្ដល់ជូនពួកគាត់ទាំង៥គ្រួ សារខាងលើនេះដល់លំនៅដ្ឋានផងដែរ។

នៅពេលទទួលបានអំណោយ ពលរដ្ឋទាំង៥គ្រួសារ បានថ្លែងអំណរគុណដល់ម្ចាស់ទានដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចែករំលែកដល់ពួកគាត់ដែលកំពុងជួបការលំ បាកបានទាន់ពេលវេលា ពិសេសថ្លែងអំណរ គុណដល់លោកប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង រួមទាំងក្រុមការងារដែលបាននាំយកអំណោយទាំងអស់នេះមកចែកជូនដល់ពួកគាត់ដល់លំនៅឋាន និងបានជូនពរដល់ម្ចាស់អំណោយរួមទាំងក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៣នេះ សូមឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន រកស៉ីមានបាន និងសម្រេចបាននូវរាល់ភារកិច្ច៕