(សៀមរាប)៖ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ សមណសិស្ស-និស្សិត មកពីស្រុកពួក និងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៥៥០អង្គ ទទួលបានសៀវភៅវេយ្យាករណ៍សំស្ក្រឹតពីព្រះមហាឧត្តមមវិរិយោ ហ៊ុំ សុទ្ធា សាស្រ្តចារ្យសំស្រ្កឹត នៃសាកលវិទ្យាល័យសីហនុរាជ ក្រោមការផ្ដួចផ្ដើមបោះពុម្ព ពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុង១អង្គ ទទួលបានសៀវភៅសំស្ក្រឹតចំនួន៣ក្បាល ដើម្បីជាគោលសម្រាប់ការសិក្សាភាសាសំស្ក្រឹតបន្ថែមផងដែរ។
ព្រះមហាឧត្តមមវិរិយោ ហ៊ុំ សុទ្ធា សាស្រ្តចារ្យសំស្រ្កឹត នៃសាកលវិទ្យាល័យសីហនុរាជ មានសង្ឃដីកាថា ជាច្រើនឆ្នាំមកហើយ ដែលព្រះមហាបានប្រឹងប្រែងខ្វល់ខ្វាយនៅក្នុងការរៀបចំឯកសារសំស្ក្រឹតនេះ។ កម្មវិធីថ្ងៃនេះដែរ មិនមែនជាកម្មវិធីលើកទី១នោះទេ គឺជាច្រើនលើកហើយក្នុងការរៀបចំបោះពុម្ពសៀវភៅសំស្ក្រឹត ហើយថ្ងៃនេះដែរឯកសារដែលត្រូវយកមកប្រគេនដល់សមណសិស្ស-និស្សិត ពិសេស ប្លែកជាពីមុនទៅទៀត ដោយសៀវភៅដែលរៀបចំរយៈពេលប៉ុន្មានឆ្នាំនេះ គឺជាក្បួនច្បាប់វេយ្យាករណ៍ មិនមែនសៀវភៅអត្ថបទរឿងរ៉ាវ អ្វីដែលទាក់ទងនឹងភាសាសំស្ក្រឹតនោះទេ គឺសៀវភៅវេយ្យាករណ៍សំស្ក្រឹត។
ព្រះមហាឧត្តមមវិរិយោ ហ៊ុំ សុទ្ធា សាស្រ្តចារ្យសំស្រ្កឹត នៃសាកលវិទ្យាល័យសីហនុរាជ មានសង្ឃដីកាទៀតថា ដោយពីមុនមកការសិក្សាវេយ្យាករណ៍សំស្ក្រឹត តាមវេយ្យាករណ៍សម្តេចព្រះសង្ឃរាជ ហួត តាត គឺមានតែ១ច្បាប់ទេ គឺមានភាគ១។ ជាងរយៈពេលជាង៣០ឆ្នាំហើយ ដែលមិនទាន់បានបង្កើតក្បួនច្បាប់ សម្រាប់ការសិក្សាវេយ្យាករណ៍សំស្ក្រឹ។
ដោយឡែក ភាសាសំស្ក្រឹតនេះ ទី១ ពុទ្ធិកសិក្សាទូទាំងប្រទេសកម្រិតមធ្យមសិក្សាតាំងពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ តម្រូវឲ្យសមណសិស្ស-និស្សិតសិក្សា ហើយក៏ជាមុខវិជ្ជាមួយ ក្នុងចំណោមមុខវិជ្ជាជាច្រើន ដែលសមណសិស្ស-និស្សិតត្រូវបំពេញ ភាសាសំស្ក្រឹតចាត់ទុកជាភាសា ដែលគូនឹងភាសាបាលី នៅក្នុងពុទ្ធកសិក្សាផងដែរ។
ទន្ទឹមនឹងនោះដែរ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សៀវភៅវេយ្យាករណ៍សំស្ក្រឹតនេះ គឺជាផ្នែកមួយនៃភាសាខ្មែរ ដូចនេះកូនខ្មែរគ្រប់រូប មិនអាចបំបាត់ចោលនូវភាសារនេះបានទេ គឺត្រូវតែខំរៀន និងចូលរួមលើកតម្កើងនូវភាសាសំស្ក្រឹតបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តន៍ភាពនៃភាសាខ្មែរ និងជួយឱ្យភាសាខ្មែរកាន់តែរីកចំរើនសម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ។
មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបញ្ជាក់ថា លោកនឹងចូលរួមបន្ថែមទៀត ក្នុងការចូលរួមបោះពុម្ពផ្សាយ និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងការងារព្រះពុទ្ធសាសនា ព្រមទាំងមានសទ្ធាជ្រះថ្លាពេញបរិបូរណ៍ និងគាំទ្រកិច្ចការដែលព្រះមហាឧត្តមមវិរិយោ ហ៊ុំ សុទ្ធា ធ្វើឲ្យលោកនឹងខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយ និងថវិកា ដើម្បីធ្វើយ៉ាងណាឱ្យភាសាខ្មែរកាន់តែរីកចំរើន សម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៅទៀត។
ជាមួយនេះដែរ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ខេត្តសៀមរាប មានសង្ឃដីកា ខេត្ត៣ ដែលបានទទួលនូវសៀវភៅវេយ្យាករណ៍សំស្ក្រឹតមុនគេ គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ក៏បានថ្លៃអំណរអរគុណចំពោះ ព្រះមហាឧត្តមមវិរិយោ ហ៊ុំ សុទ្ធា សាស្រ្តចារ្យសំស្រ្កឹត នៃសាកលវិទ្យាល័យសីហនុរាជ និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបោះពុម្ពសៀវភៅវេយ្យាករណ៍សំស្ក្រឹត ដើម្បីសម្រាប់សមណសិស្ស-និស្សិត ក្នុងការឈ្វេងយល់បន្ថែម ហើយក៏ដើម្បីទុកសម្រាប់បង្ហាត់បង្រៀន ដល់ក្មេងៗជំនាន់បន្តទៀតផងដែរ៕