(បន្ទាយមានជ័យ)៖ លោក សៀ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី បានចូលរួមកម្មវិធីកម្មវិធីបុណ្យ Merry Christmas 2022 និងជួបសំណេះសំណាលជាមួយគ្រិស្តបរិស័ទនៅបរិវេណសួនមានជ័យនារាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានលើកសរសើរពីភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំគ្រិស្តបរិស័ទ និងសមាជិកគ្រិស្តបរិស័ទទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា និងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការរួមចំណែកក្នុងវិស័យសង្គម ផ្នែកមនុស្សធម៌ សង្គមកិច្ច និងការអប់រំសីលធម៌ ដើម្បីធ្វើយ៉ាងណាឱ្យគ្រិស្តបរិស័ទដើរតាមមាគ៌ាបង្ហាញផ្លូវនៃគោលលទ្ធិជំនឿ និងវិស័យសាសនាគ្រិស្តដែលជាតម្លៃនៃវប្បធម៌សន្តិភាព ធ្វើឲ្យគ្រិស្តបរិស័ទមានសីលធម៌ល្អ រស់នៅស្អាតស្អំ ប្រកបដោយសុខសន្តិភាពជាមួយសហគមន៍ សាសនារបស់ខ្លួន ក៏ដូចជាជាមួយសហគមន៍សាសនាដទៃទៀតក្នុងសង្គមជាតិ ព្រមទាំងធ្វើឱ្យសង្គមមានការរីកចម្រើនជឿនលឿន ក្នុងថ្ងៃបុណ្យណូអែលនោះក៏មានការផ្តល់ កាដូវត្ថុអនុស្សាវរីយ៍ និងផ្តល់អំណោយក្តីស្រឡាញ់ជូនគ្រួសារដែលមានជីវភាពខ្វះចំនួន ២០០គ្រួសារផងដែរ។

លោក អ៊ុំ រាត្រី បានផ្តាំផ្ញើការនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចទៅលើប្រជាពលរដ្ឋដែលជាសាសនិកគ្រិស្តបរិស័ទទាំងអស់ដែលកំពុងគោរព និងប្រតិបត្តិតាមជំនឿសាសនានៅកម្ពុជា៕