(បន្ទាយមានជ័យ​)​៖ នៅព្រឹកថ្ងៃចន្ទ ទី២៦​ ខែធ្នូ​ ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងប្រកាសចូលកាន់មុខតំណែងលោកវរសេនីយ៍ត្រី ចាន់ រដ្ឋា​ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី​ រួមនឹងមេបញ្ជាការរង​ចំនួន៣រូបទៀតផងដែរ។

ពិធីនេះក៏មានការអញ្ជើញចូលរួម​ពីសំណាក់ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី​ និងលោក​ រ័ត្ន​ ដាស៊ីណង់​ អភិបាលស្រុកមង្គលបូរី​ មេបញ្ជាការរងកងរាជអាវុធខេត្ត​ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ​ និងអាជ្ញាធរ​មូលដ្ឋាន​បានចូលរួមផងដែរ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ​បានលើកឡើងថា​ សមិទ្ធិផលដែលអង្គភាពកងរាជអាវុធហត្ថទទួលបាននាពេលកន្លងមក ក៏ដូចជាពេលនេះ គឺបានកើតចេញពីការជឿជាក់ និងពីសកម្មភាពការងារល្អ ទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទិសទី។ នេះសបញ្ជាក់ពីមោទនភាពដ៏វិសេសវិសាលបំផុត ក្រោមដំបូលនៃម្លប់សន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃមគ្គុទ្ទេសក៏ឯក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចង្អុលបង្ហាញបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា។

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានណែនាំដល់មន្ត្រីកងរាជអាវុធហត្ថ​ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច ជាពិសេសអាវុធហត្ថដែលទើបទទួលតួនាទី ភារកិច្ចថ្មី ត្រូវមានស្មារតីទទួលខុសត្រូវ និងការឆ្លើយតប ចំពោះការផ្តល់នូវភាពជឿជាក់របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលជានិច្ចជាកាល លោកតែងតែខិតខំយកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ។

សូមបញ្ជាក់ថា​ អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុកមង្គលបូរី​ ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ​នាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លា​របស់លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ដែលមានទំហំ ២៥២.៦២ម៉ែត្រការ៉េ មាន០៦បន្ទប់,​ អគារស្នាក់នៅ១, ឃ្លាំងសម្ភារ១,​ អគារផ្ទះបាយ១,​ បន្ទប់ទឹក​១ រួមនឹងសមិទ្ធិផលផ្សេងៗ​ សរុបអស់ថវិកាចំនួន​១៦១,៨៤៨​ដុល្លារ៕