(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំប្រារព្វទិវាជំងឺទឹកនោមផ្អែមពិភពលោក ជាលើកដំបូងក្រោមប្រធានបទ «យើងរួមគ្នាទប់ស្កាត់ជំងឺទឹកនោមផ្អែមតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ»។
ពិធីនេះស្ថិតក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរយមពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមមន្ទីរ អង្គភាព ជំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា គោលបំណងចម្បងនៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ ដែលបង្កដោយជំងឺទឹកនោមផ្អែម មកលើក្រុមគ្រួសារ លើកកម្ពស់ការអប់រំ ការការពារ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញពិភពលោករួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដែលជាបញ្ហាសុខភាពសកលដ៍សំខាន់មួយ។
លោកថា «ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាតិស្ករនៅក្នុងឈាមអ្នកជំងឺកើនឡើងលើសពីធម្មតា ហើយវាជាបន្ទុកដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូល ហើយតាមការប៉ាន់ស្មានខេត្តព្រះវិហារ អាចមានអ្នកជំងឺទឹកនោមផ្អែមប្រមាណ២៤០០០នាក់ នៅឆ្នាំ២០២២នេះ»។
លោក គួង ឡូ បានថ្លែងទៀតថា ករណីពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក១៦មករា មានចំនួន៤២៩២ ក្នុងនោះមនុស្សប្រុស១៥៦៦ករណី គិតត្រឹម១១ខែ ឆ្នាំ២០២២ មានចំនួន៤៣៤៤ករណី មនុស្សប្រុស១៦២២ករណី។
នៅដើមឆ្នាំ២០២៣ខាងមុខនេះ សេវាពិនិត្យ ព្យាបាលជំងឺទឹកនោមផ្អែម នឹងពង្រីកទៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងការគ្របដណ្តប់សេវាសុខាភិបាលជាសកល ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើងគួរឱ្យបារម្ភនៃជំងឺទឹកនោមផ្អែម។
លោក គួង ឡូ បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីកត្តាហានិភ័យគន្លឹះសំខាន់ៗគឺ៖ បរិភោគអាហារមិនមានសុខភាព និងកង្វះការហាត់ប្រាណ។ ផលវិបាកនៃជំងឺទឹកនោមផ្អែមគឺ ធ្វើឱ្យខូចបេះដូង ងងឹតភ្នែក ខូចតម្រងនោម កើតដំបៅមិនងាយជា ដាច់សរសៃឈាមខួក្បាល លើសសម្ពាធឈាមនិងពិការភាព ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត តែជំងឺទឹកនោមផ្អែម អាចការពារបាន។ ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ដើម្បីការពារកុំឱ្យកើតជំងឺទឹកនោមផ្អែម ដោយកុំពិសារប្រៃពេក កុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក និងធ្វើលំហាត់ប្រាណជាប្រចាំ»។
ដោយឡែកលោកស្រី ប៉ាង រ៉ាវី បានថ្លែងថា ជំងឺទឹកនោមផ្អែមកំពុងតែរីករាលដាលយ៉ាងខ្លាំង ជាពិសេសគឺប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលមានជាតិស្ករនៅក្នុងឈាមកើនឡើងខ្ពស់ ហើយត្រូវព្យាបាល អស់មួយជីវិត បើយើងព្យាបាលមិនទាន់ពេលវេលាគឺប្រឈមនឹងគ្រោះមហន្តរាយជាច្រើនដល់លោកអ្នក និងក្រុមគ្រួសាររបស់លោកអ្នក ពិសេសធ្វើឱ្យលោកអ្នកធ្លាក់ខ្លួនពិការភាព ដូចជាពិការភ្នែក ខូចតម្រងនោម លើសពីនេះអាចធ្វើឱ្យបះពាលដល់សរសៃប្រាសាទដែលបង្កទៅជាដំបៅជើង ហើយអាចឈានទៅដល់ការកាត់ជើងចោលជាដើម។
លោកស្រីអភិបាលរងខេត្តព្រះវិហារ ក៏បានអំពាវនាវដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះ ត្រូវធ្វើការផ្សព្វផ្សាយ និងចូលរួមបញ្ជូនសារនេះបន្តឱ្យបានទៅដល់អង្គភាពរដ្ឋ និងឯកជន សាធារណជនទូទៅ និងសហគមន៍ ហើយពិសេសបំផុតគឺរួមសហការជាមួយគ្នា ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងទៅដល់មូលដ្ឋាន ក្នុងការជំរុញឱ្យមានការថែទាំសុខភាពឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ពិសេសអប់រំ ជំរុញឱ្យមានការយល់ដឹងអំពីសុខភាព និងបង្ការមិនឱ្យកើតមានជំងឺទឹកនោមផ្អែម ដើម្បីសុខភាពល្អទាំងអស់គ្នា៕