(ក្រចេះ)៖ សហគមន៍អេកូទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ បានរៀបចំពិធីសូត្រមន្តបើកដំណើរការឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់ រួមជាមួយនឹងការកែលំអ្អរថ្មីៗបន្ថែមទៀត ដើម្បីត្រៀមទទួលភ្លៀវទេសចរ ដែលចូលមកលេងកម្សាន្តនាឱកាសថ្ងៃឆ្លងឆ្នាំសកល ២០២២-២០២៣។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសរៀបចំពិធីសូត្រមន្តនេះលោក ប្រាក់ វិកុល ប្រធានការិយាល័យគ្រប់គ្រងឧស្សាហ៍កម្មទេសចរ បានបញ្ជាក់ថា ឆ្នេរខ្សាច់សហគមន៍ អេកូទេសចរណ៍កោះទ្រង់នេះ គឺបានបង្កើតជារៀងរាល់ឆ្នាំ ចាប់ផ្តើមបើកដំណើរការទទួលភ្ញៀវពីខែធ្នូ រហូតដល់ ខែឧសភា ដូចរាល់ឆ្នាំដែរ ដោយសារឆ្នាំនេះ មានការចូលរួមពីមន្ទីរ មានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំមន្ទីរ យើងរៀបជាសេវាកម្មបន្ថែមដូចជា៖ កន្លែងថតរូប កន្លែងផ្ញើ ម៉ូតូកង់ និងសេវាកម្មម្ហូបអាហារ ក៏មានបន្ថែមមុខម្ហូបមួយចំនួនទៀត ដើម្បីទទួលសា្វគមន៍ភ្ញៀវ ហើយឆ្នាំមានការកែលំអរច្រើនទៅលើឆ្នេរខ្សាច់ ទាំងសោភ័ណភាព មានការរៀបចំល្អស្អាត ពីមួយឆ្នាំទៅមួយឆ្នាំយើងកែសម្រួលទៅតាមចំណូលចិត្តរបស់ភ្ញៀវ គឺយើងធ្វើយ៉ាងមិចឲ្យប្លែក។

លោក ប្រាក់ វិកុល បានបន្ថែមថា សម្រាប់ចូលឆ្នាំសកលខាងមុខនេះ យើងចាប់ដំណើការពីថ្ងៃទី២៥ ខែធ្នូ នេះ ហើយសង្ឃឹមថាភ្ញៀវមកចូលលេង ក្នុងនាមមន្ទីរនាញ សូមសំណូមពរដល់ភ្ញៀវទេចរ ដែលមកកម្សាន្ដត្រូវ ចូលរួមទាំងអស់គ្នា ទុកដាក់សំរាមក្នុងកន្រ្ទាក់ឲ្យបានស្រួលបួល ដើម្បីជៀសវាងកុំឲ្យរាយប៉ាយ ហើយងាយស្រួលក្រុមការងារប្រមូលយកទុកឲ្យមានរបៀបរៀបរយផងដែរ។

លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរកោះទ្រង់ ក៏បានប្តេជ្ញាចិត្តនឹងពង្រឹងអនុវត្តនូវគោលការណ៍របស់មន្ទីរទេសចរណ៍ ដើម្បីបង្ហាញ និងផ្សព្វផ្សាយទៅដល់ភ្ញៀវជាតិ-អន្តរជាតិឲ្យកាន់តែចូល មកទស្សនាកម្សាន្តបន្ថែមទៀត ដោយជឿទុកចិត្ត និងពេញចិត្តមកលើកសេវាប្រកបដោយគុណភាពស្តង់ដារអនាម័យ និងបានសំណូមពរឲ្យភ្ញៀវទេសចរចូលមកកម្សាន្តឲ្យបានច្រើនកុះករ និងចូលរួមសម្អាតអនាម័យ និងវិចខ្ចប់សម្រាមនៅទីតាំងរបស់ខ្លួន ដើម្បីសោភ័ណ្ឌភាពនិងអនាម័យបរិស្ថានទេសចរណ៍។

លោក សំ បួយ ចៅសង្កាត់កោះទ្រង់ បានសម្តែងក្តីសប្បាយរីករាយជាមួយប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ដែលរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត បានបង្កើតនិងរៀបចំឲ្យមាននូវសហគមន៍អេកូទេសចរនេះ ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ និងលើកស្ទួយកម្រិតជីវភាពប្រជាជនផងដែរ។

សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍កោះទ្រង់ តែងតែមានការរៀបចំបើកដំណើរការឆ្នេរខ្សាច់នេះជារៀងរាល់ឆ្នាំ ដោយហេតុថា ទីតាំងដែលមានឆ្នេរខ្សាច់នេះ អាចបើកឱ្យភ្ញៀវទេសចរទៅលេងកន្សាន្តតែក្នុងរដូវទឹកសម្រកតែប៉ុណ្ណោះ ចាប់ពីខែពីខែធ្នូ រហូតដល់ ខែឧសភា ដោយឡែកសម្រាប់ខែក្រៅពីនេះជារដូវទឹកឡើង ដែលបណ្តាលឱ្យកន្លែងឆ្នេរខ្សាច់ទាំងនេះត្រូវទឹកឡើងលិចអស់ មិនអាចឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តបាននោះទេ៕