(ភ្នំពេញ)៖ ក្រុមហ៊ុន Ford និងក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានរៀបចំពិធីសម្ពោធដាក់ប្រើប្រាស់នូវអណ្ដូងទឹកស្អាតចំនួន៨ ស្រុកជុំគិរី ក្នុងឃុំចំនួន៣ គឺ ស្រែករោង ស្រែកខ្នង និងស្រែចេង ខេត្ដកំពត ដែលចំណាយថវិកាសរុប ២០,០០០ដុល្លារ ក្រោមជំនួយឧបត្ថម្ភនៃមូលនិធិអភិរក្ស និងការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងផ្ដល់ធនធានទឹកស្អាត ដែលអនុវត្ដគម្រោងដោយសភាយុវពាណិជ្ជកម្មកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយការលំបាកជារៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានទឹកស្អាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
លោក សេង វឹង នាយកចាត់ការទូទៅផ្នែករថយន្ដ Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែងថា ចាប់ពីថ្ងៃទី២១ ខែមិថុនា នេះតទៅ បងប្អូនដែលនៅក្នុងឃុំចំនួន៣នេះ នឹងមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់វិញហើយ ដែលជាផ្នែកមួយដ៏សំខាន់ដល់ជួយសម្រួលដល់ និងបំពេញភាពខ្វះខាតកន្លងមនេះ ពិសេស ក៏បានផ្ដល់អត្ថប្រយោជន៍ ដល់ប្អូនសិស្សសាលានៅទីនេះផ្ទាល់ បានទឹកស្អាតនេះសម្រាប់សំអាត ដៃ ថ្នាក់រៀន និងដំនាំ និងផ្កាផ្សេងៗនៅជុំវិញសាលាផងដែរ ។
លោក Thanabodee Kulthol ប្រធានផ្នែកទីផ្សារ ផ្នែកលក់ និងសេវាកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា «ថ្ងៃនេះ ជាថ្ងៃដ៏វិសេសវិសាលណាស់ សម្រាប់យើងខ្ញុំទាំងអស់គ្នា ដែលបានប្រារព្ធពិធីដ៏សំខាន់បំផុតដែលក្រុមហ៊ុន Ford តែងតែធ្វើនៅកម្ពុជា ដូចថ្ងៃនេះយើងក៏បានសម្ពោធអណ្ដូងទឹកចំនួន៨ នៅក្នុងខេត្ដកំពត ហើយនេះមិនមែនជាលើកទីមួយទេ ដែលខាងក្រុមហ៊ុនបានជួយអណ្ដូងទឹកនោះ គឺយើងបានជួយសាងសង់អណ្ដូងទឹកស្អាតនេះ ជាង៧០ អណ្ដូងហើយសម្រាប់ សហគមន៍ជនបទតាំងពីឆ្នាំ២០១២ មកម្ល៉េះ បន្ទាប់ពីមានការផ្ដួចផ្ដើមដោយអនុប្រធាន ក្រុមហ៊ុន Ford លោកស្រី Elena Ford ក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាល ពីឆ្នាំ២០១១នៅកម្ពុជា»។
លោក បន្ដថា ក្នុងឱកាសសម្ពោធដាក់ប្រើប្រាស់អណ្ដូងទឹកស្អាត ខាងក្រុមហ៊ុនយើងក៏បាននាំយកនៅសម្ភារៈសិក្សាមួយចំនួនជូនដល់ប្អូនកុមារកំពុងសិស្សា នៅសាលាបឋមសិក្សា ពោធិសំរោងផងដែរ។ លោកសង្ឃឹមថា បងប្អូនដែលនៅក្នុងឃុំចំនួន៣នេះ នឹងថែរក្សាអណ្ដូងទឹកស្អាតនេះ សម្រាប់ប្រើប្រាស់ឲ្យបានយូរអង្វែង ។
ទន្ទឹមនឹងនោះ លោក អភិបាលស្រុកជុំគិរី លោក ខៀវ រិទ្ធិភ័ណ្ឌ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ បំផុត ដល់ក្រុមហ៊ុន Ford រួមទាំងកម្មវិធីមូលនិធិ អភិរក្ស និងការពារបរិស្ថាន ដែលជាកម្មវិធីមួយដែលក្រុមហ៊ុន Ford ចូលរួមចំណែកជួយសម្រួលដល់ការរស់របស់ប្រជាជនក្នុងសហគមន៍ ផងដែរ ដែលបានជួយ ឧបត្ថម្ភដល់ អណ្ដូងទឹកស្អាតដ៏ច្រើនលើសលុបនេះដល់ បងប្អូនដែលរស់នៅក្នុងឃុំចំនួន៣ ដើម្បីផ្គត់ផ្គង់ដល់ការខ្វះខាតទឹកន្លងមកនេះ ហើយយើងទាំងអស់គ្នា នឹងថែរក្សាឲ្យគង់វង្សរហូតទៅ។
គួរបញ្ជាក់ថា Ford បានចូលមកទីផ្សារប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ ដែលបានផ្ដោតសំខាន់ក្នុងការផ្ដល់រថយន្ដដែលមានគុណភាពស្ដង់ដាលំដាប់ពិភពលោក យ៉ាងល្អឥតខ្ចោះគ្មានពីរ ធន់ តម្លៃសមរម្យ ទាន់សម័យយ៉ាងទំនើបគ្រប់ពេលវេលាផងដែរ៕