(ភ្នំពេញ)៖ សំណុំរឿងលោក ថោង សារ៉ាត់ និងអង្គរក្ស៤នាក់ ដែលបច្ចុប្បន្នអង្គរក្សម្នាក់បានស្លាប់ ក្នុងមន្ទីរពេទ្យរុស្ស៊ី ពាក់ព័ន្ធករណីបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះនៅថ្ងៃព្រឹកទី១៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក មេធាវី គា អ៊ាវ បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះថា សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងនេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ដោយមានលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
គួររំលឹកថា អង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់ គឺ ឈ្មោះ លី សៅ បានស្លាប់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី កាលពីទៀបភ្លឺថ្ងៃទី១៧ ខែមិថុនា។ មន្ត្រីពេទ្យរុស្ស៊ី បញ្ជាក់ថា ការស្លាប់នេះដោយសារមូលហេតុជំងឺ។
ដោយឡែក មន្ត្រីតុលាការ បញ្ជាក់ថា បណ្តឹងចោទប្រកាន់លើឈ្មោះ លី សៅ ពីឃាតកម្មគិតទុកជាមុន លើឧកញ៉ា អ៉ឹង ម៉េងជឺ បានរលត់ យោងតាមមាត្រា៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
គួររំលឹកថា លោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបិទការស៊ើបសួរ និងបញ្ចូនសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ទៅបើកសវនាការជំនុំជម្រះ បន្ទាប់ពីក្រុមជនសង្ស័យត្រូវជាប់ពន្ធនាគាររយៈពេលជាងពីរឆ្នាំរួចមក។ ក្នុងសំណុំរឿងនេះ មានលោក ឧកញ៉ា ថោង សារ៉ាត់ និង អង្គរក្ស៤នាក់ ត្រូវបានតុលាការចោទប្រកាន់។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
តុលាការបានចោទប្រកាន់លោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។ ចំណែកអង្គរក្ស៤នាក់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និង បទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។
យោងតាមមាត្រា២០០ និង ២៩ នៃក្រមព្រហ្មទណ្ឌ ឃើញថា ក្រុមជនត្រូវចោទទាំងអស់អាច ប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធ ភាពដូច ការចោទប្រកាន់មែន៕