(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា កត្តាសុខសន្តិភាព បានធ្វើឲ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះប្រជាពលរដ្ឋ មានឱកាសក្នុងការជួបជុំ ធ្វើបុណ្យទានបំពេញនៅសទ្ធារៀងៗខ្លួនផងដែរ។ ការលើកឡើងរបស់លោក ស្បោង សារ៉ាត់ បែបនេះនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងវត្ត បទុមមុនីសុគន្ធារាម (ហៅវត្តខ្នា) ស្ថិតនៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

លោក ស្បោង សារ៉ាត់ បានបន្ថែមទៀតថា កត្តាសុខសន្តិភាពទាំងអស់នេះក៏កើតចេញពីប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានខិតខំពុះពារស្វែងរកសុខសន្តិភាពនេះជូនប្រជាពលរដ្ឋ។ សម្ដេចបានខិតខំស្វះស្វែងរកនៅវ៉ាក់សាំងការពារជំងឺកូវីដ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជំងឺនេះ ទើបធ្វើឲ្យពលរដ្ឋទូទាំងប្រទេសមានឱកាសក្នុងការជួបជុំធ្វើបុណ្យទាន និងរៀបចំកម្មវិធីផ្សេងៗ។

ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមទៀតថា សមិទ្ធផលនានាដែលបានដាក់សម្ពោធឆ្លងប្រើប្រាស់នាថ្ងៃនេះ មានគំនូរព្រះពុទ្ធរូប សាលាឆទាន ស្ពាន ផ្លូវថ្នល់ កុដិសម្រាប់សមណៈសិស្ស នៃសាលាពុទ្ធិកបឋមសិក្សាសម្តេច ជា ស៊ីម ខ្នារ គង់នៅសិក្សារៀនសូត្រ ទាំងនេះគឺជាសមិទ្ធផលថ្មីមួយដែលកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីកសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់ ៥ពាន់ព្រះវស្សា។

ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំគោរពបូជានៅសមិទ្ធផលដែលបានកសាងឡើងនាពេលនេះដើម្បីទុកជាប្រយោជន៍រួមយូរអង្វែងដល់កូនចៅជំនាន់ក្រោយ។

សូមបញ្ជាក់ថា ពិធីបុណ្យនេះដែរ ក៏មានការដង្ហែគ្រឿងបណ្តាប់កាន់អង្គ និងនិមន្តព្រះសង្ឃចំនួន ២៥០អង្គ គោចរណ៍បិណ្ឌបាត ដើម្បីបំពេញសទ្ធាដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ឧទ្ទិសកុសលផលបុណ្យដល់ញាត្តិទាំងប្រាំពីរសន្តាន ដែលបាក់បែកចែកឋានទៅលោកខាងមុខ។

ពិធីបុណ្យនេះប្រារព្ធធ្វើឡើងមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០២២ លោក ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាននាំយកនូវបច្ច័យចំនួន ១៨ លានរៀល សម្រាប់តម្កល់ទុកក្នុងការកសាងនៅទីវត្តអារាមមួយនេះផងដែរ៕