(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានសហការជាមួយធនាគារស្ថាបនា បើកការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅអគារស្ថាបនា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រៅពីមន្ដ្រីនគរបាលជំនាញរបស់នាយកដ្ឋាន ក៏មានការចូលរួមពីបុគ្គលិកធនាគារស្ថាបនាផងដែរ។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលដឹកនាំការធ្វើលំហាត់សមយុទ្ធនេះដោយផ្ទាល់ បានឲ្យដឹងថា ការធ្វើសមយុទ្ធនៅពេលនេះ គឺដើម្បីឲ្យបុគ្គលិកនៅក្នុងអគារចេះអំពីវិធានការបង្ការ និងពន្លត់អគ្គិភ័យបឋមដោយខ្លួនឯង និងចេះជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ព្រមទាំងផ្សាភ្ជាប់ជាមួយជំនាញរបស់សមត្ថកិច្ច។

លំហាត់សមយុទ្ធក្នុងឱកាសនោះ រួមមាន៖

*ទី១៖ ការប្រកាសអាសន្នជម្លៀសខ្លួន
*ទី២៖ ការសង្គ្រោះជនដែលរងគ្រោះ
*ទី៣៖ ការពន្លត់អគ្គិភ័យ។

ឆ្លងកាត់សមយុទ្ធនេះ លោកប្រធាននាយកដ្ឋាន បានមើលឃើញថា ប្រតិបត្តិការរបស់បុគ្គលិក និងមន្ដ្រីជំនាញ គឺអនុវត្តបានល្អស្មើដៃគ្នា និងមានជំនាញច្បាស់លាស់ ដូច្នេះលោករំពឹងថា ក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង បុគ្គលិករបស់ធនាគារស្ថាបនាអាចមានលទ្ធភាពសង្គ្រោះបឋមដោយខ្លួនឯងបាន ហើយក្នុងករណីតូចតាចក៏មានគ្រប់គ្រងបាន និងធ្វើឲ្យរីករាលដាលផងដែរ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានសំណូមពរដល់អ្នកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវអនុវត្តវិធានការបង្ការ ពន្លត់អគ្គិភ័យនេះ ឲ្យមានប្រសិទ្ធភាពសុវត្ថិភាពខ្ពស់ និងត្រូវអនុវត្តតាមច្បាប់បទដ្ឋានគតិយុត្តអគ្គិភ័យ ដែលមានចែងនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក Kenji Kuroki អនុប្រធាននាយកប្រតិបត្តិ នៃធនាគារស្ថាបនា បានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងសង្គ្រោះគ្រោះអគ្គិភ័យ ហេតុដូច្នេះហើយធនាគារស្ថាបនា ក៏បានស្នើសុំកិច្ចសហការពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីបង្ហាត់បង្ហាញដល់បុគ្គលិករបស់ធនាគារ អំពីវិធីសាស្ដ្របង្ការ និងសង្គ្រោះផ្សេងៗ នៅពេលមានហេតុការណ៍កើតឡើងជាយថាហេតុ។

លោកបន្ដទៀតថា ដោយសារតែអគារធនាគារស្ថាបនា មានកម្ពស់រហូតដល់១៩ជាន់ និងជម្រៅទៅក្រោមដី៤ជាន់ ជាមួយបុគ្គលិកជិត១,០០០នាក់នោះ លោកមើលឃើញថា ការយល់ដឹងអំពីវិធីសាស្ដ្រទាំងអស់នេះ គឺជារឿងសំខាន់បំផុត។ លោកបញ្ជាក់ថា ធនាគារស្ថាបនា គឺតែងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើលំហាត់សមយុទ្ធនេះជារៀងរាល់ឆ្នាំ។

សូមជម្រាបថា ក្នុងឆ្នាំ២០២២នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅទូទាំងប្រទេស ចំនួន៦១៨លើក លើ៦៧០លើក ថយចុះ៥២លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះបានបណ្ដាលឲ្យមនុស្សស្លាប់ ១៧នាក់ លើ២៤នាក់, របួស ៥៩នាក់ លើ៣៥នាក់, ឆេះផ្ទះចំនួន៦៩៧ខ្នង, តូបចំនួន១០៩។ ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺបណ្ដាលមកពី អគ្គិសនី ៤១.៥៥ភាគរយ, ប្រើប្រាស់ភ្លើង ៣៨.២៤ភាគរយ និងក្ដាប់មិនបាន ២០.២១ភាគរយ៕