(កំពត)៖ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពត ប្រតិបត្តិករទេសចរណ៍ អ្នកជំនាញទេសចរណ៍ សិស្ស-និស្សិតដែលសិក្សាជំនាញទេសចរណ៍សរុបប្រមាណ២០០នាក់ កំពុងទទួលបានការបំប៉នសមត្ថភាពបន្ថែម តាមរយៈសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន។

ការបើកសិក្ខាសាលាធ្វើឡើងនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោករដ្ឋមន្ត្រី ថោង ខុន និងលោក Wang Zhiquan ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ដែលជាតំណាងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក សេង ម៉េងហុង ប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

លោក ជា សែ បានគួរកត់សម្គាល់ថា ប្រទេសកម្ពុជា ក្រោមនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម បានឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ រហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ចសង្គមលឿនជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ការទស្សនាទេសចរណ៍ផងដែរ។

លោកបន្តថា ការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅតាមគោលដៅទេសចរណ៍។ ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក។

លោក មាន វ៉ាន់ដេត បានឱ្យដឹងថា សិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងនេះ បានរៀបចំឡើងស្របពេលវេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនមកកាន់កម្ពុជា។ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់នៅក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍។

លោក មាន វ៉ាន់ដេត បានបន្តថា ក្នុងក្របនៃការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាព ជាពិសេសក្រសួងទេសចរណ៍បានមើលឃើញច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដោយបានបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ ដែលមានអាសយដ្ឋាន www.tptd.org  ដើម្បីជួយដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ អាចធ្វើការពង្រឹងសមត្ថភាពទាំងជំនាញចាស់ និងជំនាញថ្មីបន្ថែមបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាចពង្រឹងសមត្ថភាពជំនាញពេញមួយជីវិត។ ជាក់ស្តែង គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ខែធ្នូ ឆ្នាំ២០២២នេះ សិក្ខាកាមសរុបដែលសិក្សាតាមថ្នាក់នៅក្នុងប្រព័ន្ធនេះមានប្រមាណ៦៩,៥៩៥នាក់។

ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បានបន្តទៀតថា តាមរយៈសិក្ខាសាលានេះនឹងមិនត្រឹមតែចូលរួមដល់ការបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរឱ្យកាន់តែមានសមត្ថភាពនៅក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ និងចូលរួមបង្កើនភាពជាដៃគូជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្នុងការជំរុញនិងបង្កើនការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕