(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧកញ៉ា សុខ សំណាង និងភរិយា បាននាំយកថវិកាចំនួន២ម៉ឺនដុល្លារ និងភេសជ្ជ: ប៉ូការីស្វេត សម្រាប់ប្រើប្រាស់រយៈ១ឆ្នាំ ឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ។
លោកឧកញ៉ា សុខ សំណាង តែងតែចូលរួមក្នុងកិច្ចការមនុស្សធម៌នៅក្នុងប្រទេស ក្នុងនោះមានសកម្មភាពចូលរួមឧបត្ថម្ភតាមរយៈរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា, ការទិញវ៉ាក់សាំង និងសកម្មភាពកាកបាទក្រហមកម្ពុជាជាដើម។
លោកឧកញ៉ា បានសង្ឃឹមថា សកម្មភាពមនុស្សធម៌នេះ នឹងបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា ដែលបានមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។
មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនគិតថ្លៃ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មានកុមារឈឺចំនួន ៦៧ ៦២៩ នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ កុមារមានជំងឺធ្ងន់ៗ ១៣ ៨៦៩នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កុមារមានជំងឺគ្រុនឈាម ចំនួន ៧០៥នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ កុមារចំនួន ១ ៨៩៥នាក់ ត្រូវបានទទួលការវះកាត់ វះកាត់បេះដូង និងប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៦៩នាក់៕