(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកា១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចបានចាត់ចែងឲ្យលោក សេង ទៀង យកថវិកា១០លានរៀលប្រគល់ជូនលោកស្រី ហែម ស៊ីណាត សម្រាប់ជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្រស្ទើរមួយជីវិត។
លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២។ ទោះជាមិនបានជាប់ក្នុងការប្រឡងបាក់ឌុប ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមនោះទេ ដោយប្តេជ្ញាបន្តប្រឡងជាថ្មីនៅឆ្នាំក្រោយទៀត ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន។
ការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនមានអាយុក្មេងជាងគេឈ្មោះ គីម ហុង អាយុ១៣ឆ្នាំ ប្រឡងជាប់និទ្ទេស C និងបេក្ខជនចាស់ជាងគេគឺលោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕