(កំពង់ចាម)៖​ លោកបណ្ឌិត ម៉ឹង មករា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាកសិករចំនួន ១,១១៨គ្រួសារ និងសិស្សវិទ្យាល័យចំនួន ១១១៨នាក់ ស្ថិតនៅក្នុង សហគមន៍កសិករសែនជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានចែកជូនប្រជាកសិកររួមមាន ជីកសិកម្មសម្រាប់បំប៉នស្រូវ និងដំណាំផ្លែឈើផ្សេងៗ រីឯសិស្សានុសិស្សម្នាក់ៗ ទទួលបានប៊ិច១ ខ្មៅដៃ៥ ប្រដាប់ខួងខ្មៅដៃ១ ជ័រលុប១ បន្ទាត់១ កាបូបដាក់ប៊ិច១ កាបូបស្ពាយ១ ដបទឹក១ និងសៀវភៅ៥ក្បាល។

នាឱកាសនោះដែរ លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដល់ប្រជាកសិករ និងសិស្សានុសិស្ស។

លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ប្រជាកសិករ និងសិស្សានុសិស្ស អំពីសារៈសំខាន់ និងផលប្រយោជន៍ នៃការធ្វើកសិកម្មជាប្រព័ន្ធតាមរយៈសហគមន៍កសិកម្ម ជាមួយនឹងវិស័យឯកជន និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ដើម្បីធានាបាននូវភាពជោគជ័យក្នុងការប្រកបមុខរបរកសិកម្មនៅតាមជនបទ។ ការធ្វើកសិកម្មជាប្រព័ន្ធបែបនេះ និងជួយកាត់បន្ថយបញ្ហាទុក្ខលំបាកជាច្រើនរបស់ប្រជាកសិករ ជាពិសេសការចំណាយក្នុងការធ្វើផលិតកម្មកសិកម្ម ការខ្វះខាតនូវបច្ចេកទេស ទុន និងការធានាបាននូវបរិមាណនិងគុណភាព ក្នុងការផ្គត់ផ្គង់កសិផលដល់ទីផ្សារ។

បន្ថែមពីនេះ លោកបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលមានចំណង់ចំណូលចិត្តចំពោះវិស័យកសិកម្ម គួរជ្រើសរើសសិក្សាយកមុខវិជ្ជាកសិកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកសិកម្មក្នុងប្រទេស ឱ្យកាន់តែមានសក្ដានុពល និងកាលានុវត្តភាពនៃការធ្វើពាណិជ្ជ នីយកម្មកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង។

លោកបណ្ឌិត ម៉ឹង មករា បានថ្លែងថា «អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍន៍រីកចម្រើន»

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត មុឹង មករា បានសង្កត់ធ្ងន់ថា ដើម្បីធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើន ចាំបាច់ត្រូវមានធនធានមនុស្សដែលមានជំនាញច្បាស់លាស់លើវិស័យកសិកម្ម ដើម្បីទាក់ទាញស្រូបយក ការវិនិយោគលើវិស័យកសិកម្មទាំងក្នុងស្រុក និងមកពីបរទេស។

ក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា៖ វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕