Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋសន្សំសំចៃការប្រើប្រាស់អគ្គិសនី ខណៈរដ្ឋកំពុងខាតបង់លើថាមពលនេះ តែមិនតម្លើងថ្លៃឡើយ (Video inside)

26-12-2022 11:01

(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី ខណៈនៅពេលបច្ចុប្បន្ននេះ រដ្ឋកំពុងខាតបង់ទៅលើថាមពលមួយនេះ ដោយសារតែប្រេងឡើងថ្លៃ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីរដ្ឋខាតបង់លើថាមពលអគ្គិសនី ប៉ុន្ដែរដ្ឋមិនបានតម្លើងថ្លៃនោះទេ ពោលដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កត្តាដែលនាំឲ្យរដ្ឋខាតបង់លើថាមពលនេះ ដោយសារតែប្រេងឡើងថ្លៃ មកពីកត្តាខាងក្រៅ ពោលគឺម្ខាងដោយសារវិបត្តិជំងឺកូវីដ១៩ និងម្ខាងទៀត ដោយសារតែការដាក់ទណ្ឌកម្មគ្នា ដូច្នេះហើយបានកើនឡើងនៃអតិថរណានៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្ខាងដោយសារកូវីដ ម្ខាងប៉ះពាល់ដោយទណ្ឌកម្ម ដែលធ្វើឲ្យបញ្ហាបានកើនឡើង នៃអតិថរណានៅលើពិភពលោក ប៉ះពាល់ទាំងអស់។ យើងប៉ះជាមួយគេដែរ ប្រេងឡើងថ្លៃ ដល់វាឡើងថ្លៃអគ្គិសនីឡើងថ្លៃដែរ តែខ្ញុំបានប្រាប់ខាងអគ្គិសនីកុំឡើងថ្លៃឲ្យសោះតែឡើងថ្លៃរង្គើរហើយស្រុកខ្មែរ។ រាល់ថ្ងៃបងប្អូនប្រើភ្លើង សន្សំសំចៃខ្លះទៅ កុំបើកច្រើន អាមិនត្រូវការក៏ចេះតែបើកដែរ ម៉ាស៉ីនត្រជាក់បើកល្មមបានហើយ»

ពាក់ព័ន្ធករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្លាប់បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលតម្លើងថ្លៃអគ្គិសនីនោះ នឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ទាំងជីវភាពប្រជាជន ដែលកំពុងតែមានចំណូលធ្លាក់ចុះ ការដឹកជញ្ជូនឡើងថ្លៃ ហើយអ្វីដែលកាន់តែធ្ងន់ទៀតនោះ រោងចក្រនានាត្រូវចំណាយកាន់តែខ្លាំងទៅលើភ្លើង ដូច្នេះហើយបានសម្ដេចណែនាំឲ្យអគ្គិសនីកម្ពុជា រក្សាតម្លៃដដែល។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើតាមការគណនា នៅឆ្នាំ២០២២នេះ អគ្គិសនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ បណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែ និងការដាក់ទណ្ឌកម្ម ធ្វើឲ្យពិភពលោកជួបប្រទេសនូវវិបត្តិថាមពល៕