(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងខណ្ឌទួលគោក និងខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមាន ដូចខាងក្រោម៖

* ករណីអគ្គិភ័យទី១៖ នៅម៉ោង១៖០០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចអាគារបុរីកីឡា អាគារទី០៦ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា បានបណ្តាលឲ្យឆាបឆេះបន្ទប់អស់១១បន្ទប់ទាំងស្រុង ថ្មបេតុង ទំហំ២ម៉ែត្រ គុណ៤ម៉ែត្រ ខូតខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង២៖៣០នាទីយប់រំលងអាធ្រាតនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់២១ឡាន និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តទីផ្សារទំនើប អូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។

* ករណីអគ្គិភ័យទី២៖ នៅម៉ោង២៖៣០នាទីយប់រំលងអាធ្រាត នៅចំណុចផ្ទះលេខ១៧១ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបណ្តាលឲ្យឆាបឆេះផ្ទះអស់១ខ្នងទាំងស្រុង ឈើប្រក់ស័ង្កសី ទំហំ ៨ម៉ែត្រ គុណ២៥ម៉ែត្រ ខូចខាតសម្ភារៈអស់ទាំងស្រុង និងបានរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន ៣ល្វែង។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង៤៖០០នាទីទៀបបភ្លឺនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់៤២ឡាន និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានសំណូមពរដល់ប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ដោយសារតែមួយរយៈនេះ អាកាសធាតុមានការធ្លាក់ខ្យល់ខ្លាំង ដូច្នេះមុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កម្សាន្ដ និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុនចាកចេញពីលំនៅដ្ឋាន។ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមរាយការណ៍មកកាន់លេខ ៦៦៦ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ៕