(ភ្នំពេញ)៖ មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ម្តាយបង្កើត លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលមរណភាព កាលពីវេលាម៉ោង ២៖២២រសៀល នៅថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។ នេះបើតាមសេចក្ដីជូនដំណឹងកាកបាទក្រហមកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ។

សពមហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ក្នុងបូរីភ្នំពេញថ្មី ផ្ទះលេខ 15B ផ្លូវ 04 ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីដង្ហែសពចេញពីគេហដ្ឋាន ឆ្ពោះទៅកាន់ទីឈាបនដ្ឋានបូជាសព នៅវត្តពោធិ៍សត្ថារាម ហៅ «វត្តពោធិ៍ចិនតុង» នឹងប្រព្រឹត្ដទៅវេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។ ចំណែកពិធីបុណ្យ ៧ថ្ងៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅគេហដ្ឋាននៃសព។

ដំណឹងនេះចាត់ទុកជាសេចក្ដីអញ្ជើញ ដល់ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងមន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់ ចូលរួមឧទ្ធិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ បានទៅកាន់សុគតិភពកុំបីឃ្លាឃ្លៀតឡើយ៕