(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះនៃតុលាការកំពូល ប្រកាសសាលដីកាក្នុងសំណុំរឿងលោក ហុង សុខហួរ អតីតសមាជិព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។ ជាសាលដីកា ដែលនឹងចេញក្នុងរយៈពេល ១៤ថ្ងៃខាងមុខទៀតនេះ គឺពាក់ព័ន្ធនឹងបណ្ដឹងតវ៉ាការឃុំខ្លួនលោក ហុង សុខហួរ ខុសនីតិវិធី និងបណ្ដឹងប្រឆាំងសាលក្រម ចាត់របៀបរបស់តុលាការក្រុងភ្នំពេញ។
គួរបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៧ ខែមិថុនានេះ ត្រូវបាននាំខ្លួនចេញពី សាលាដំបូងរាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារវិញហើយ បន្ទាប់ពីចៅក្រមស៊ើបសួរ បញ្ចប់ការ សាកសួរក្នុងនាម ជាសាក្សីក្នុងសំណុំរឿង ដែលបំបែកចេញពីសំណុំរឿងដើម ដែលចោទប្រកាន់លោកពីបទ ក្លែងបន្លំឯកសារសាធារណៈ និងញុះញុងបង្កឲ្យមានភាព វឹកវរដល់សន្តិសុខសង្គម។
កាលពីថ្ងៃទី៨ ខែមិថុនាដែរ តុលាការកំពូល បានលើកយកសំណុំរឿងពីរដាច់ដោយឡែកពីគ្នារបស់លោក ហុង សុខហួរ មកជំនុំជម្រះ។ សំណុំរឿងទី១ គឺមេធាវីការពារក្ដីរបស់លោក ហុង សុខហួរ បានប្ដឹងទាស់ដោយចាត់ទុកថា ការឃុំខ្លួនរបស់សមត្ថកិច្ចប្រឆាំងលោក ហុង សុខហួរ គឺធ្វើឡើងខុសនីតិវិធី។ រីឯសំណុំរឿងទី២ ដែលតុលាការលើកយកមកជំនុំជម្រះ ក្នុងថ្ងៃតែមួយដែរនោះ គឺទាក់ទិនបណ្ដឹងសារទុក្ខរបស់លោក ហុង សុខហួរ ប្រឆាំងសាលក្រមចាត់របៀប របស់តុលាការក្រុងភ្នំពេញ។ ក្រោយបញ្ចប់សវនាការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ ប្រកាសថា បណ្ដឹងសារទុក្ខទាំងពីរនេះ នឹងត្រូវប្រកាសរួមគ្នាឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនានេះ៕