(កណ្ដាល)៖ វិហារឥស្លាម «នូរុលមុតតាគីន» នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលសាងសង់រួចរាល់ជាស្ថាពរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកអគ្គរាជទូត/រដ្ឋទូត លោក លោកស្រីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

អនុប្រធានគណកម្មការវិហារនេះលោក នាក់ សាគីរីន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ថា វិហារមានតាំងពីសង្គមចាស់មកម្លេះ ហើយដោយសារវិហារមានសភាពទ្រុឌទ្រោម ក្នុងនាមលោកជាកូនអ្នកស្រុកទីនេះ ដែលរស់នៅទាំងក្នុងនិងក្រៅប្រទេស ក៏បានមូលមតិរៃអង្គាសថវិការគ្នាសាងសង់វិហារដ៍ស្រស់ស្អាតនេះឡើង ក្រោមដំបូលសន្តិភាពនៃយើង ដែលចំណាយថវិការប្រមាណជា៣០ម៉ឺនដុល្លារអាមេរិក។

លោកបន្តថា កត្តាសុខសន្តិភាពនេះហើយ កត្តាគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុតនេះហើយ ទើបយើងរស់បានសុខសាន្ត មានសិទ្ធិសេរីភាពពេញលេញ ប្រតិបត្តិសាសនាបានគ្រប់គ្រាន់ ពិសេសអរគុណទៅសម្ដេចតេជោ និងថ្នាក់ដឹកនាំទាំងអស់គ្នាផងដែរ។

ជាមួយគ្នានេះដែរ លោក ស៊ូ សេន អ៉ីម៉ាំខេត្តកណ្ដាល ក៏បានថ្លែងកោតសរសើរចំពោះការសាងសង់វិហារដ៏ស្រស់ស្អាតនេះឡើងក្រោមការរៃអង្គាសថវិការរបស់អ្នកភូមិ អ្នកស្រុកពញាឮផ្ទាល់តែម្ដង ដែលសកម្មភាពដ៏ល្អឆ្លុអបញ្ចាំងឱ្យឃើញពីការរួបរួមគ្នាល្អក្នុងសហគមខ្មែរឥស្លាម ក្រោមការដឹកនាំរបស់ល្អឯកពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ពិសេសក្រោមម្លប់សន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន។ សូមអរគុណសម្ដេចតេជោ សូមអរគុណលោកបណ្ឌិតអូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំទាំងអស់ ដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅភូមិទួលងោកនេះផ្ទាល់លោកស្រី តេះ ម៉ារីយុំ បានថ្លែងពីចិត្តត្រេកអរសប្បាយរីករាយឥតឧបមា ដែលបានឃើញសមិទ្ធផលវិហារដ៏ស្រស់ស្ងាតបានលេចចេញជារូបរាងឡើង ពិសេសឃើញសម្ដេចក្រឡាហោម ស ខេង លោកបណ្ឌិត អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំជាច្រើនរូប បានមកចូលរួមសម្ពោធវិហារដ៏ស្រស់ស្អាត ដែលញ៉ាំងឱ្យទឹកចិត្តពលរដ្ឋកាន់តែកក់ក្ដៅ និងរំភើបយ៉ាងខ្លាំង។

សូមជម្រាបថា ស្ថិតក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធវិហារឥស្លាមនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានជនជាតិដើមភាគតិចជាច្រើន ក្នុងនោះរួមមានបងប្អូនខ្មែរឥស្លាមផងដែរនោះ មិនដែលប្រកាន់ពូជសាសន៍ និងសាសនាឡើយ ដោយពលរដ្ឋតែងប្រកាន់យកនូវវប្បធម៌សន្តិភាព អហិង្សា និងបង្រួបបង្រួមជាតិ ដែលជាបច្ច័យដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ការរក្សាបាននូវប្រពៃណីសាសនា ជាការបង្ហាញអំពីភាពសម្បូរ បែបនៃវប្បធម៌ចម្រុះជាតិសាសន៍របស់កម្ពុជា ហើយក៏ជាភស្តុតាងបង្ហាញថា កម្ពុជាជាប្រទេសដែលមានសេរីភាពយ៉ាង ពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្ម នៃសាសនា និងជនជាតិ ហើយការលើកកម្ពស់កិត្យានុភាពសាសនា រក្សាបាននូវប្រពៃណីវប្បធម៌ និងសុខដុមនីយកម្មជាតិសាសន៍ បាននាំមកនូវសហគមន៍ជឿនលឿន ដោយសង្គមមានស្ថិរភាពអាស្រ័យទៅលើសន្តិភាព ដែលទាំងនេះ គឺជាផ្នែកមួយនៃផ្លែផ្កា និងអំណោយផលដល់ការប្រែក្លាយប្រទេសជាតិ ទៅកាន់វឌ្ឍនភាព។

សូមបញ្ជាក់ថា វិហារឥស្លាម «នូរុលមុតតាគីន» មានឈ្មោះដើម «ក្ដីសំបូរមាស» បានសាងសង់សារជាថ្មីលើទីតាំងដើម ដែលមានសភាពចំណាស់យូរលង់ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ និងបានបញ្ចប់សាងសង់ជាស្ថាពរ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដែលមានផ្ទៃក្រឡាចំនួន ៦០០ម៉ែត្រក្រឡា មានបន្ទប់ទឹកដោយឡែកទំហំ ៥០ម៉ែត្រក្រឡា មានរបងថ្មីប្រវែង ៧០ម៉ែត្រ អាចផ្ទុកសាសនិកឥស្លាមថ្វាយបង្គំព្រះ ចំនួន៥០០នាក់ និងបានចំណាយថវិកាសរុបប្រមាណ ៣០០,០០០ដុល្លារ ដែលជាការបរិច្ចាគនូវអំណោយដ៏ថ្លៃថ្លា ពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស៕