(កំពង់ចាម)៖ លោកបណ្ឌិត ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងលោក បណ្ឌិត ទុន ភក្តី ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២ -២០២៣ និងប្រគល់បណ្ណសរសើរដល់និស្សិតពូកែ លេខ១ លេខ២ និង លេខ៣ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម
នាឱកាសនោះដែរ លោក មួន វាសនា បានយកឱកាសនោះ ផ្ដាំផ្ញើជូនដល់និស្សិតជ័យលាភីពីទឹកចិត្ត ក្នុងនាមជាឪពុកម្ដាយ ដូច្នេះថា កូនៗនិស្សិតជាទីស្រឡាញ់ស្មើនឹងកែវភ្នែករបស់ឪពុក ម្តាយ និងអាណាព្យាបាល ក្នុងឱកាសដែលកូនទទួលបានប័ណ្ណសរសើរ។
លោក មួន វាសនា បានបន្តថា ភាពជោគជ័យដ៏ត្រចះត្រចង់របស់កូនថ្ងៃនេះជាមោទនភាពរបស់គ្រួសារ ពូជពង្សវង្សត្រកូល និងជាមោទកភាពរបស់ជាតិផង។ កាលឪពុក និងម្តាយ នៅវ័យសិក្សាដូចកូន ក្រទាំងចំណេះ ក្រទាំងទ្រព្យ ក្រទាំងសម្ភារៈសិក្សា មិនដែលស្គាល់សោះទ្បើយថា អ្វីទៅអ៉ីនធើណិត ឬអ្វីទៅជាកុំព្យូរ័ ទូរស័ព្ទស្មាតហ្វូន និងជាពិសេសក្រទាំងពាក្យសម្តីមិនសូវបាននិយាយអប់រំកូន តែពុកនិងម៉ែបានប្រឹងប្រែង ខ្នះខ្នែងឃ្មាតខ្មី លីសែង គាស់កាយដី ធ្វើស្រែចំការ ច្បារដំណាំ ដំណក់ញើសហូរស្រក់សព្វសពាង្គ រាប់រយលានដំណក់ ក្រោមដំណក់ទឹកភ្លៀង ផ្គររន្ទះក្រោមសូរសែងកម្តៅថ្ងៃ និងប្រកបរបររកស៊ីផ្សេងៗ ទាំងយប់ទាំងថ្ងៃ ចំណាយកម្លាំង ទោះជាពេលខ្លះឈឺ ក៏ពុកនិងម៉ែមិនហ៊ានឈប់សម្រាកប្រឹងរកប្រាក់ទុកផ្គត់ផ្គង់កូនឱ្យបានរៀនខ្ពង់ខ្ពស់យកចំណេះទុកជាកំណប់ទ្រព្យ ចូរកូនចងចាំថា ចំណេះវិជ្ជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបាន ចាយច្រើនរឹតតែចម្រើនទ្បើង។
ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនោះដែរ ជំនួសមុខគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតទាំងអស់ ព្រមទាំង មាតាបិតា អាណាព្យាបាល, លោក មួន វាសនា បានសូមសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរ ចំពោះលោកបណ្ឌិត ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក បណ្ឌិត ទុន ភក្តីសូមជួបតែសំណាងល្អ មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕