(ក្រចេះ)៖ គួរឱ្យសោកស្តាយណាស់ សត្វផ្សោតញីមួយក្បាល ត្រូវបានប្រទះឃើញងាប់អណ្ដែតទឹកនៅតំបន់កោះទ្រុងចម្ងាយប្រមាណ១០គីឡូម៉ែត្រ នៅប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។ តាមការសន្និដ្ឋាន គឺងាប់ដោយសារជាប់សន្ទូចរនង។

ការប្រទះឃើញសត្វផ្សោតទន្លេមេគង្គងាប់ជាបន្តបន្ទាប់នេះ គឺមានការព្រួយបារម្ភថានឹងផុតបូជ នៅពេលអនាគត ប្រសិនបើមន្រ្តីជំនាញ និងអាជ្ញាធរធ្វើការបង្ក្រាបទល្មើសជលផលមិនទាន់ពេលនោះ។

បើតាមយោងតាមរបាយការណ៍របស់អង្កការ WWF បានបញ្ជាក់ថា ក្រោយពីការពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមសត្វផ្សោតមួយក្បាលនេះបានងាប់ក្រោយពីបានរមូលខ្លួនជាប់ និងសន្ទួចរនង ដោយក្រុមអ្នកស្រាវជ្រាវ បានរកឃើញស្នាមស្ទួនរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។

សត្វផ្សោតដែលបានងាប់នេះជាផ្សោតញី ពេញវ័យមានប្រវែង១៩៦សម អាយុចន្លោះពី៧ ទៅ១០ឆ្នាំ និងមានទម្ងន់៩៣គីឡូក្រាម ហើយសត្វផ្សោតនេះជាផ្សោតមានសុខភាពល្អទី៣ ហើយដែលបានងាប់ក្នុងចន្លោះរយៈពេលត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ដែលវាការប្រកាសអាសន្នមួយតម្រូវឱ្យមានវិធានការខ្លាំងខ្លាឡើងសម្រាប់ពង្រឹងការអនុវត្តន៍ច្បាប់ជាបន្ទាន់ នៅក្នុងតំបន់ជម្រកសត្វផ្សោត។

សត្វផ្សោតចំនួន១១ក្បាល ហើយបានងាប់នៅក្នុងឆ្នាំ២០២២នេះ គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ រីឯសត្វផ្សោតដែលបានងាប់រយៈពេល ៣ឆ្នាំចុងក្រោយនេះ មានសរុបចំនួន ២៩ក្បាល។ អង្គការ WWF សូមអំពាវនាវជាថ្មីម្ដងទៀតដល់អាជ្ញាធរទទួល ខុសត្រូវទាំងអស់សូមមេត្តា ប្រមូលផ្ដុំ និងពង្រឹងកម្លាំងសម្រាប់អនុវត្តន៍ច្បាប់ជាបន្ទាន់ ក្នុងការល្បាតទាំងថ្ងៃទាំងយប់។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានបញ្ជាក់ថា ការកើនឡើង នៃសកម្មភាពនេសាទខុសច្បាប់ នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ និងបណ្ដាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បី បញ្ឍប់សក្មភាព ខុសច្បាប់ទាំងនេះទេ។

សោកនាដកម្មគួរអាចបញ្ជៀសបាននៃការងាប់របស់សត្វផ្សោតវ័យបន្តពូជទាំង៣ក្បាល ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់ ១០ថ្ងៃផងនេះ ជាសារយ៉ាងច្បាស់មួយដល់អាជ្ញាធរ ទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្រ្តីសម្រាប់ពង្រឹងការអនុវត្តន៍ច្បាប់ នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់។

លោកបន្ថែមទៀតថា ដើម្បីបញ្ឈប់សកម្មភាពទាំងនេះមន្រ្តី ឆ្មាំទន្លេ និងមន្រ្តីអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ ត្រូវមានវត្តមានរយះពេល២៤ម៉ោង ក្នុង១ថ្ងៃ ក្នុងមួយសប្តាហ៍នីមួយៗដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់ នៅក្នុងតំបន់សត្វផ្សោត។

លោក ម៉ក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ទៀតថា ដោយរយៈការកន្លងមកថ្មីៗនេះសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ មានការងាប់ជាបន្តបន្ទាប់ដោយសារ ការជាប់មង ដោយសាររងនូវការឆក់ត្រីក៏ដូចជាបញ្ហាផ្សេងៗទៀតនោះ។

ក្នុងនាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងក្នុងនាមលោកផ្ទាល់ជានាយខណ្ឌ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសប្រជាពលរដ្ឋជាអ្នកនេសាទ ធ្វើយ៉ាងណាកុំប្រើប្រាស់ឧបករណ៍នេសាទខច្បាស់ដែលអនុក្រិត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការហាមឃាត់នោះរួមមាន៖ ឧបករណ៍ ឆក់ត្រី មងក្រឡាធំ ឧបករណ៍សន្ទូចរនង ដែលជាហេតុបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះដែរ លោកសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សុំឱ្យជួយណែនាំផ្សព្វផ្សាយអំពីសារប្រយោជន៍អំពីសត្វផ្សោតទន្លេមេគង្គដែលជារតនះ សម្បត្តិជាតិមានជីវិតដ៏ប្រសិតរបស់ប្រទេសកម្ពុជា ហើយធ្វើយ៉ាងណាការពារសត្វផ្សោតទន្លេមេគង្គ ជួយការពារទាំងអស់គ្នា ដើម្បីឱ្យសត្វផ្សោតទន្លេមេគង្គរបស់យើងនៅឋិតថេរគង់វង្សសម្រាប់បច្ចុប្បន្ន និងទៅថ្ងៃអនាគត៕