(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ឪពុក ម្តាយ និងអាណាព្យាបាល ព្រមទាំងសាលារៀនទាំងរដ្ឋ និងឯកជន គឺជាដៃគូសហការគ្នាដ៏ល្អ ចំពោះការតម្រង់ទិសក្នុងការសិក្សារបស់កូនសិស្សប្រកបដោយគុណភាព សមត្ថភាព ជាពិសេសការបញ្ចៀសសិស្សានុសិស្សឱ្យជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។

ការលើកឡើងបែបនេះ របស់លោក សាយ គឹមឡម បានធ្វើឡើងនៅក្នុងពិធីបើកបវេស្សនកាលឆ្នាំសិក្សាឆ្នាំសិក្សា២០២២-២០២៣ និងចែកវិញ្ញាបនបត្រ ប័ណ្ណសសើរ និងផ្តល់រង្វាន់ដល់សិស្សជ័យលាភីគ្រប់កម្រិតនៅសាលារៀន អេស អ៉ី ឌី សាខាទី៣ នៅស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណជិត ៦០០នាក់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ឪពុក ម្តាយ និងអាណាព្យាបាលសិស្ស ត្រូវចេះពិនិត្យតាមដានការសិក្សារបស់កូនឱ្យបានម៉តចត់ និងទាន់ពេលវេលា។

លោក សាយ គឹមឡម បានបញ្ជាក់ថា សាលារៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយបង្កើនសមត្ថភាពដល់សិស្សានុសិស្សបន្ថែមលើចំណេះ និងបង្កើតភាពក្លាហានឈានទៅការទទួលបានចំណេះដឹងបន្ថែមតាមកម្មវិធីសិក្សារបស់ក្រសួងអបរំ យុវជន និងកីឡា គឺជាគោលដៅអភិវឌ្ឍន៍ធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកក៏ណែនាំដល់សិស្សានុសិស្សគ្រប់រូបត្រូវមានម្ចាស់ការក្នុងការសក្សា និងស្រាវជ្រៀវដើម្បីខ្លួនឯងទទួលបាននូវចំនេះដឹងពិតប្រាកដជាធនធានមនុស្សមនុស្សប្រកបដោយគុណតម្លៃដែលជាយានជំរុញឱ្យយើងមានអនាគតត្រចះត្រចង់ ក៏ដូជាប្រទេសជាតិតមាន្ររីកចម្រើន។

លោកបានបន្តថា ឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាទំនើបមាតា បិតា ត្រូវធ្វើការតាមដានការសិក្សារបស់កូនជាប់ជាប្រចាំដើម្បីឱ្យពួកគេទទួលបានចំណេះដឹងដែលគ្រូបានផ្ទេរមកឱ្យហើយក្នុងនោះកត្តាដែលសំខាន់មាន៖

ទី១៖ សាលារៀនត្រូវរៀបចំតាមស្តង់ដារគុណភាពអប់រំទាំងបរិយាកាសថ្នាក់រៀន អនាម័យសាលារៀន ព្រមទាំងលក្ខខណ្ឌនៃការផ្តល់ចំណេះដឹងប្រកបដោយគុណភាព។

ទី២៖លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលសំខាន់ប្រើប្រាស់យុទ្ធវិធីសាស្រ្តគ្រប់ប្រភេទធ្វើឱ្យការផ្ទេរចំណេះដឹងទៅកាន់សិស្សបានល្អប្រសើរតាមសមត្ថភាពស្របតាមកម្មវិធីរបស់សាលារដ្ឋដែលក្រសួងគិតគូរអនុវត្ត។

ទី៣៖ កត្តាសិស្សខ្លួនឯងគឺត្រូវដឹងថាខ្លួនស្ថិតក្នុងវ័យសិក្សាមានតួនាទីសំខាន់ទទួលយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ខិតខំសិក្សារៀនសូត្រដោយមានភាពអំណត់តស៊ូ និងចេះកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់

ទី៤៖ កត្តាមាតាបិតាត្រូវមានការលើកទឹកចិត្តដល់កូនៗជាពិសេសផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តការហូបចុក ការរាប់អានមិត្ត និងមានឥរិយាបថល្អជាគំរូសម្រាប់កូន និងបញ្ជូនកូនមករៀនឱ្យបានគ្រប់ៗគ្នាដើម្បីអនាគតល្អរបស់ពួកគេ។

លោក ផុន សុភា អគ្គនាយកសាលា អេស អី ឌី បានឱ្យដឹងថា សាលា អេស អ៉ី ឌី មានទីតាំងសរុបចំនួន៦ ហើយនៅស្រុកស្ទោងជាសាខាទី៣ នៅឆ្នាំនេះសាលាមានសិស្សសរុប ៦៧៥នាក់ ស្រី ៣៦៨នាក់ ដែលសិក្សា ចំណេះទូទៅខ្មែរ ភាសាអង់គ្លេសទូទៅ ប៉ាម៉ាគិតលេខរហ័ស (ដែលជួយបង្កើនផ្តោតអារម្មណ៍ ការសង្កេត ចងចាំបានយូរ អភិវឌ្ឍន៍ខួរក្បាល) និងភាសាចិន ចំណេះទូទៅមត្តេយ្យសិក្សាហើយសិស្សចំណេះទូទៅមធ្យមសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩។

សាលាមានទិសដៅបន្តសកម្មភាព និងការអភិវឌ្ឍសាលារៀនឱ្យមានសកម្មភាពនិងទិសដៅជាច្រើន ដើម្បីឱ្យការងារអប់រំមានការរីកចម្រើន និងទទួលបានលទ្ធផលល្អ សមិទ្ធផលល្អ ជំរុញការបង្រៀន និងរៀនឱ្យបានល្អគ្រប់មុខវិជ្ជា មានឥរិយាបថល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងគុណភាព និងសិស្សជាប់១០០%៕