(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយប្រជាការពារចំនួន២០០នាក់ ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មុនឱកាសចូលឆ្នាំសកល។
ថ្លែងក្នុងឱកាសនោះ លោក ឃឹង នុភាព បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រជាការពារទាំងអស់ដែលបានចូលរួមក្នុងការការពារប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាគោល នយោបាយអាទិភាពមួយក្នុងកិច្ចការពារសន្តិសុខភូមិ-ឃុំ របស់គណបក្សប្រជាជនកម្ពុជា។
លោកបានបន្តថា ការចុះមកសំណេះសំណាលជាមួយប្រជាការពារនាពេលនេះ គឺក្នុងនាមលោកជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ចង់ដឹងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រជាការពារផង និងក៏ជាឱកាសមួយសម្រាប់ក្តាប់ព័ត៌មានជាក់ស្តែងពីប្រជាការពារដែលជាអ្នកការពារពលរដ្ឋក្នុងមូលដ្ឋានដែនដី តាមរយៈនៃការចុះសាកសួរសុខទុក្ខនេះ ផងដែរ។
លោក ឃឹង នុភាព បានអំពាវនាវដល់ប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលទើបបានកែសម្រួលថ្មីរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះ លោកបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលដែលទើបកសាងថ្មីៗនៅក្នុងឃុំ និងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើពាលាអាវាសែនានា តាមរយៈការគាំទ្រនិងជំរុញសម្រេចនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ឱ្យកាន់តែដំណើរការទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
លោកបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ការពារប្រជាពលរដ្ឋនេះមិនមែនការពារតែមុនពេលឃោសនាបោះឆ្នោត ឬពេលបោះឆ្នោតនោះទេ ពោលគឺត្រូវយកភារកិច្ចរបស់ខ្លួនទៅបម្រើរាស្រ្តឱ្យបានល្អប្រសើរតាមដែលអាចធ្វើទៅបានក្នុងគោលដៅឆ្ពោះទៅត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់នាពេលបោះឆ្នោតខាងមុខ។
លោក ឃឹង នុភាព ក៏បានក្រើនរំលឹកដល់ប្រជាការពារទាំងអស់ត្រូវបន្តសកម្មភាពផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួនធ្វើយ៉ាងណាចូលរួមបោះឆ្នោតតំណាងរាស្ត្រពេលខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមក្នុងស្មារតីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅប្រទេសកម្ពុជា។
នាឱកាសនោះដែរ លោក ឃឹង នុភាព ក៏បានផ្តល់អំណោយដល់ប្រជាការពារទាំង២០០នាក់ គឺក្នុងម្នាក់ៗ ទទួលបានសំលៀកបំពាក់មួយកំប្លេរ ក្រមា១ និងថវិកា២០,០០០រៀល៕