(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងប៉ូឡូញ បានដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុម ដោយជោគជ័យហើយ ក្រោយឈ្នះគូប្រជែង ១-០ ដូចគ្នាក្នុង Euro 2016 នៅប្រទេសបារាំងយប់មិញនេះ។
សារព័ត៌មាន Sky Sports បានអោយដឹងថា ការប្រកួតលើកទី៣ បញ្ចប់ពូល C យប់មិញនេះ ម្ចាស់ជើងឯក World Cup 2014 ឥន្រ្ទីដែកអាល្លឺម៉ង់ បានឈរនៅកំពូលតារាង មាន៧ពិន្ទុស្មើនឹងក្រុមលេខ២ ប៉ូឡូញ មិនដែលចាញ់ និងស្មើម្តង ឈ្នះ២ដូចគ្នា។
៣ពិន្ទុរបស់អាល្លឺម៉ង់យប់មិញ រកបានដោយកីឡាករ Mario Gomez នៅនាទីទី៣០ ក្រោយពីទទួលបានបាល់ពីមិត្តរួមក្រុម Thomas Muller បើទោះបីជាវគ្គទី២ ពុំមានការបំប៉ោងសំណាញ់ទីទៀតក៏ដោយ។ រីឯ១គ្រាប់ឈ្នះរបស់ប៉ូឡូញវិញ រកបានដោយកីឡាករ Blasczcy kowski នៅនាទីទី៥៤។
តែយ៉ាងក៏ដោយ សម្រាប់អៀរឡង់ខាងជើង ក៏បានឡើងទៅវគ្គ១៦ក្រុមផងដែរ ក្នុងនាមជាក្រុមឈរនៅលេខ៣ល្អជាងគេក្នុងពូល C។
ងាកទៅមើល២ប្រកួតបញ្ចប់ពូល D យប់មិញនេះដែរ ក្រុមការពារតំណែងជើងឯកពាន Euro អេស្ប៉ាញ បានប្រកួតចាញ់ក្រូអាត ២-១ ដោយមិននឹកស្មានដល់ ធ្លាក់មកឈរលេខ២វិញ ហើយតួកគីវិញ បានទម្លាក់សាធារណរដ្ឋឆេក ទៅផ្ទះទាំងអស់គ្នាដោយលទ្ធផលបច្ចេកទេស ២-០ ទៅវិញ ដើម្បីជូនដំណើរអេស្ប៉ាញ និងក្រូអាត ឡើងទៅវគ្គ១៦៕