(រតនគិរី)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរី និងប្រកាសទទួលស្គាល់លោក ញ៉ែម សំអឿន ជាប្រធាន ស.ស.យ.ក ខេត្តរតនគិរី។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, លោកថ ង សាវុន គណៈអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល, សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប្រមាណ៤០០នាក់។

លោក ង៉ែត ពិទូ អនុប្រធាន ស.ស.យ.ក ខេត្តរតនគិរី បានឱ្យដឹងថា អគារ ស.ស.យ.ក ថ្មីនេះ ស្ថិតនៅទីតាំងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ត្រូវបានផ្តួចផ្តើមឡើងកសាងដោយលោក ថង សាវុន សមាជិកអចិន្តៃ្រយ៍ នៃគណៈកម្មាធិការកណ្តាល និងលោក វ៉ាន់ សោភា អតីតប្រធានមន្ទីរមុខងារសាធារណៈ កាលពីខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមឧនត្ថម្ភគាំទ្រពីសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសម្បុរសជននានា ដោយមានការគាំទ្រកែលំម្អរសោភ័ណភាពបន្ថែមពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ អគារនេះសាងសង់លើផ្ទៃដីសរុប ១, ៦៨០ម៉ែត្រការ៉េ ដោយអគារទីស្នាក់ការមានទំហំសរុប ២២១ម៉ែត្រការ៉េ របងព័ទ្ធជុំវិញប្រវែង ១៦៤ម៉ែត្រការ៉េ បន្ទប់ទឹកចំនួន៦ ចាក់សាបបេតុងបរិវេណជុំវិញអគារ រៀបឥដ្ឋកន្សែង និងផ្លូវចូល សរុប ៤៣៦ម៉ែត្រការ៉ដោយចំណាយថវិកាសាងសង់ចំនួន ១២៧,៦២៤ដុល្លារ។

ក្រោយពីការអានសេចក្តីសម្រេចទទួលស្គាល់ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តរតនគិរី ដោយលោក ថង សាវុន រួចមក, លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានអញ្ជើញប្រគល់សេចក្តីសម្រេចជូនប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តរតនគិរី ជូនលោក ញ៉ែម សំអឿន។

នាឱកាសនោះដែរ លោក ញ៉ែម សំអឿន បានប្តេជ្ញាចិត្តក្នុងការលៈបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រួមទាំងពេលវេលា ដោយគោរពតាមបទបញ្ជាផ្ទៃក្នុង គោរពប្រតិបិត្តនូវសរសរស្តម្ភ និងបេសកម្មការងារ ស.ស.យ.ក ថែរក្សាសាមគ្គីភាព ដើម្បីការអភិវឌ្ឍ និងលើកស្ទួយសង្គមជាតិ តាមរយៈការចូលរួមក្នុងការងារសង្គម និងមនុស្សធម៌ ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងពង្រីក ពង្រឹងសកម្មភាពប្រកបដោយគុណធម៌ សីលធម៌ និងគុណតម្លៃ។

លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តរតនគិរី បានសម្រេចបាន ជាពិសេសនោះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តរតនគិរី។ ទន្ទឹមនឹងនេះលោកបានធ្វើការអបអរសាទរ ចំពោះលោក ញ៉ែម សំអឿន ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការ ស.ស.យ.ក. ខេត្តរតនគិរីផងដែរ។

លោកបានរំលេចបន្ថែមថា ទីស្នាក់ការថ្មីៗរបស់ ស.ស.យ.ក. តាមបណ្តារាជធានី-ខេត្ត បានបង្ហាញពីវិសាលភាព កម្លាំង និងសក្តានុពលការងាររបស់មហាក្រុមគ្រួសារយុវជនទូទាំងប្រទេស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការសង្គម មនុស្សធម៌ និងបុព្វហេតុជាតិ មាតុភូមិគ្រប់កាលៈទេសៈទាំងអស់ គ្រប់ទីកន្លែងដែល នេះគឺជាមោទកភាពដ៏ធំបំផុតរបស់ ស.ស.យ.ក ជាពិសេស ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ គឺការរីកលូតលាស់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក ទូទាំងប្រទេស។

សូមជម្រាបថានារសៀលថ្ងៃដដែល លោក ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី ក្នុងសាលប្រជុំព្រឹទ្ធាចារ្យ ប៊ូ ថង ផងដែរ៕