(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានប្រគល់ផ្ទះ១ខ្នង (ជាខ្នងទី៩៩) ជូនដល់ស្ត្រីទីទ័លក្រឈ្មោះ ឃុត មន និងបានចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៦គ្រួសារផ្សេងទៀត នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ឈុន ឈន់ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់គិតគូរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដល់សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានជីភាពខ្វះខាត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។ ចំពោះប្រជាពលរដ្ឋពុំមានជម្រកសមរម្យ បានផ្ទះនេះគឺមិនទទួលបានទាំងអស់នោះទេ គឺផ្ដល់ជូនទៅតាមលទ្ធភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ធ្វើការទាំងអស់នេះបានមកពីរៃអង្គាសគ្នា ក្នុងការដោះស្រាយជីវភាពជូនដល់ពួកគាត់បានមួយកម្រិត។
លោកបន្តទៀតថា ថវិកាទទួលបានពីសប្បុរសជននានាមួយឆ្នាំម្ដង យកមកប្រើប្រាស់លើការងារមនុស្សធម៌ទាំងអស់នេះ មានដូចជាសាងសងផ្ទះ ផ្ដល់ជាគ្រឿងឧបភោគបរិភោគ ចូលរួមការងារសង្គមផ្សេងៗ ដូចជា ភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ គ្រោះរាងស្ងួត ជូនគ្រួសារដែលងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយជាដើម)។ សកម្មភាពការងារមនុស្សធម៌ជាសកម្មភាពមួយរស់រវើកដែលកើតចេញពីសាខាកាកបាទក្រហមខេត្តតែងតែធ្វើគ្រប់សកម្មភាពទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានសាខាកាកបាទក្រហមខេត្តចុះជួយជានិច្ច។
លោក ឈុន ឈន់ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ព្រោះរដូវនេះជារដូវរងារ និងងាយឆ្លងជំងឺផ្ដាសាយផងដែរ។
លោកបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានជួយពិនិត្យ និងតាមដានពីការចុះឈ្មោះបញ្ជីបោះឆ្នោត ព្រមទាំងជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៦គ្រួសារ ក្នុងគ្រួសារទទួលបានអង្ករ១បេ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ និងឃីត១កញ្ចប់ សម្រាប់គ្រួសារទទួលផ្ទះមានឆ្នាំងបាយ ឆ្នាំងសម្ល និងកន្ទេល៕