(ព្រះសីហនុ)៖ លោក គួច ចំរើន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញជាអធិបតីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ មកពីគណបក្សភ្លើងទៀនមានចំនួន ៤៥នាក់ ស្រី ២៨នាក់។
លោក ព្រុំ សុផាន តំណាងសមាជិកគណបក្សភ្លើងទៀន ចំនួន៤៥នាក់ បានថ្លែងថា បានមើលឃើញពីសកម្មភាពរបស់លោក សម រង្សី យើងទាំងអស់គ្នាពិតជាមានការសោកស្តាយ និងមិនអាចទទួលយកបានចំពោះលោក ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា «មិនមានមនសិកាជាតិ» និង «ក្បត់ជាតិ»។
តំណាងសមាជិកគណបក្សភ្លើងទៀនរូបនេះ បានលើកឡើងថា ការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូលដែលព្រះអង្គ គឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិ ទ្រង់តែងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ។
«យើងខ្ញុំបានតាមដានអំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យយើងខ្ញុំមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយសុខដុមរម្យនាធ្វើឱ្យជីវភាពកាន់តែរីកចម្រើន»។ នេះជាការលើកឡើងបន្ថែមរបស់លោក ព្រំ សុផាន។
លោក សុខ សយនា តំណាងឱ្យសមាជិក សមាជិកា មកពីគណបក្សភ្លើងទៀន ទាំង៤៥នាក់ សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានលើកឡើងថា៖ «ថ្ងៃមុនខ្ញុំបាទ បានចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀននៅភូមិ-ឃុំ នៃស្រុកកំពង់សីលាប៉ុន្តែថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តមករួមរស់ដោយស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ»។
ក្នុងនាមជាតំណាងសមាជិកថ្មី លោកមានសេចក្តីរំភើបឥតឧបមា និងសូមថ្លែងជាឱឡារិកថា «យើងទាំងអស់គ្នាមានស្មារតីកាន់តែជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយគោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវ បានពុះពារជំនះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាតិមាតុភូមិ និងដើម្បីប្រជាជនកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាមានមោទនភាពក្រៃលែងព្រោះថានះជាបំណងប្រាថ្នារបស់យើងខ្ញុំ ហើយយើងខ្ញុំយល់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន បានធ្វើឱ្យប្រទេសជាតិមានការការរីកចំរើនគ្រប់វិស័យ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពជាបន្តបន្ទាប់»។
លោក សុខ សយនា បានបន្តថា ដើម្បីឆ្លើយតបទៅនឹងគុណដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នាដែលជាសមាជិក សូមធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖
១៖ ប្តេជ្ញាខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស
២៖ ខិតខំទំនាក់ទំនងល្អ ជាមួយមហាជន ប្រជាពលរដ្ឋ និងខិតខំឃោសនាផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយ របស់គណបក្ស
៣៖ ខិតខំថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងរក្សាការសម្ងាត់របស់គណបក្ស ជានិច្ចជាកាលផ្ដល់មតិយោបល់ឱ្យគ្នាទៅវិញទៅមក ដើម្បីរកភាពរីកចំរើន
៤៖ ប្តេជ្ញាគោរព និងអនុវត្តតាមកម្មវិធី គោនយោបាយ របស់គណបក្សប្រជាជនកម្ពុជាជារៀងរហូត
៥៖ ប្តេជ្ញាស្មោះត្រង់ និងការពារគណបក្សប្រជាជនកម្ពុជា ដោយឥតលក្ខខណ្ឌ
៦៖ ប្តេជ្ញាគៀរគរ ប្រមូលផ្តុំ សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខ។
លោក គួច ចំរើន បានថ្លែងថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមលោកផ្ទាល់ សូមស្វាគមន៍អតីតសមាជិក សមាជិក អ្នកគាំទ្រគណបក្សភ្លើងទៀន ដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ការសម្រេចចិត្តពិត ជាត្រឹមត្រូវស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ។
លោកបានយកឱកាសនេះកោតសរសើរវាយ តម្លៃចំពោះការសម្រេចចិត្តរបស់បងប្អូនដែលចូលមករួមរស់ជាមួយគណបក្សក្រុង សង្កាត់នាពេលនេះ ក្រោយទទួលសំណើរសុំចូលក្រុមការងារបានរៀបចំកម្មវិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្ងៃនេះមកពីគណបក្សភ្លើងទៀន។
បន្ថែមពីនេះ លោក គួច ចំរើន បានបញ្ជាក់ថា ទន្ទឹមនឹងការប្រឹងប្រែងផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានមើលឃើញពីគុណតម្លៃក្នុងបុព្វហេតុជាតិ និងមាតុភូមិ និងកិច្ចការដែលយើងត្រូវធ្វើ ដើម្បីឱ្យគណបក្សប្រជាជនកាន់តែធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ និងបានចូលមករួមរស់ជាមួយគណបក្សប្រជាជនជាបន្តបន្ទាប់ ហើយក៏មិនមែនជាលើកដំបូង ឬក៏លើកចុងក្រោយនោះដែរ ក្រោយធ្វើបានធ្វើសកម្មភាពជាមួយគណបក្សនយោបាយមានការនឿយណាយ មកដល់ដំណាក់កាលចុងក្រោយ សូម្បីតែព្រះមហាក្សត្រ ក៏មិនមានការលើងលែង មិនមានការយោគយល់ដល់អង្គព្រះមហាក្សត្រ ដោយប្រើពាក្យជាជនក្បត់ជាតិ ធ្វើឱ្យសមាជិកលែងមានជំនឿ មានទំនុកចិត្ត ហើយសម្រេចមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។
ហើយនៅមានអ្នកផ្សេងៗទៀតកំពុងធ្វើជាមន្ត្រីជាមួយគណបក្សប្រជាជនទៅតាមសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនសម្រាប់សង្គមជាតិ។ ទន្ទឹមនោះយើងក៍ត្រូវគៀគរកម្លាំងប្រមូលផ្តុំជាមួយគណបក្សប្រជាជន ដើម្បីរក្សាស្ថេរភាពនៅខេត្តព្រះសីហនុរបស់យើងបន្តទៀត ហើយអ្វីដែលបងប្អូនសម្រេចចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះពិតជាត្រឹមត្រូវ។
លោកជឿជាក់ថា នៅពេលបោះឆ្នោតខាងមុខបងប្អូននឹងខិតខំគៀគរសមាជិកចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងឱកាសននោះឯកឧត្តមក៏បានធ្វើការណែនាំឱ្យបញ្ចូលទិន្នន័យសមាជិកថ្មីរបស់គណបក្ស បង្កើតបញ្ចូលក្រុមបក្សនៅតាមសង្កាត់ ភូមិនីមួយៗ ដើម្បីគ្រប់គ្រងតាមលក្ខន្តិកៈរចនាសម្ព័ន្ធរបស់គណបក្សនៅមូលដ្ឋានរៀងៗខ្លួនឱ្យទទួលបានជោគជ័យ៕