(ភ្នំពេញ)៖ ជាងជួសជុលរថយន្ត២នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារតែរថយន្តដឹកគ្រឿងសំណង់១គ្រឿងក្រឡាប់សង្កត់លើ ខណៈជនរងគ្រោះទាំង២នាក់ កំពុងដូយឡើងដើម្បីធ្វើការជួសជុល ភ្លាមៗត្រូវបានអ្នករួមការងារនបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវច្រកចូលសាលារៀនសុវណ្ណភូមិ កែផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តខាងលើមានម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខតាកែវ 3A-3768 បើកបរដោយបុរសម្នាក់ឈ្មោះ ប៉ែន សនដារ៉ា អាយុ៤០ឆ្នាំ មានទីលំនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ នៅវេលាម៉ោង១០យប់យប់ថ្ងៃទី២៤ ខែធ្នូ រថយន្តនេះបានដឹកគ្រឿងសំណង់ចេញពីដេប៉ូនៅម្ដុំជិតវត្តតាំងកសាង សសង្កាត់កាកាបទី២ ទៅកាន់ខេត្តតាកែវ ប៉ុន្តែពេលទៅដល់ចំណុចកើតហេតុខាងលើបានដាច់ប៉ុង។

ខណៈនោះម្ចាស់បានទុកចោលនៅទីនោះរហូតដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ទើបទៅរកជាងទាំង២នាក់ ឱ្យជួយធ្វើការជួសជុលឱ្យ ខណៈនោះជាងបានដូយរថយន្តឡើងដើម្បីចូលទៅជួសជុល។ លុះពេលដូយបានមួយចំហៀងហើយ ក៏ដូយមួយចំហៀងទៀតប៉ុន្តែភ្លាត់ស្នៀតក៏ក្រឡាច់ដូយបណ្ដាលឱ្យធ្លាក់សង្កត់រងរបួសធ្ងន់ទាំង២នាក់ព្រមទាំងសង្កត់ទាំងផ្ទះ១ខ្នង ដែលស្ថិតនៅជិតនោះ បណ្ដាលឱ្យរងការខូចខាតទៀត។

ក្រោយពេលកើតហេតុនគរបាលបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីស្ទូចយករថយន្តទៅរក្សាទុករងចាំការដោះស្រាយតាមជំនាញ៕