(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជាគុយវ៉ែត បានរៀបចំពិធីសំណេះសំណាល ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់ជនមានពិការភាពភ្នែក និងកាយសម្បទា ចំនួន ១៧២នាក់ ក្រោមអធិបតីភាពលោកស្រី ឆៃច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអនុប្រធានកិត្តិយសសមាគម តន្ត្រីសំនៀងជនពិការតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កម្មវិធីដែលបានរៀបចំនៅថ្ងៃទី២៤ ខែធ្នូម្សិលមិញ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក Dr. ROS SALAM ប្រធានមន្ទីរពេទ្យកម្ពុជាគុយវ៉ែត លោកស្រី MATH  AMIROSH នាយិកាអង្គការ វិថីយុវជន លោក តហ៊េរ អ៊ូរមើរ ប្រធានសមាគម ពិភពល្អកម្ពុជា និងជនមានពិការភាពភ្នែកនិងកាយសម្បទា។

លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ តំណាងឲ្យជនមានពិការភាពភ្នែកនៅកម្ពុជា មានសេចក្ដីរំភើបរីករាយយ៉ាងក្រៃលែងដែលមន្ទីរពេទ្យ កម្ពុជា គុយវ៉ែត បានរៀបចំពិគ្រោះ ពិនិត្យព្យាបាលជំងឺជូនដល់ជនមានពិការភាពភ្នែកនិងកាយសម្បទាចំនួន ១៧២នាក់ ដោយមិនគិតប្រាក់។ លោក ចាប តូ បានបញ្ជាក់ថា សមាគមតន្ត្រីសំនៀងជនពិការបានចុះបញ្ជីកាទទួលស្គាល់នៅក្រសួងមហាផ្ទៃ មានសមាជិកសមាជិកា ជនមានពិការភាព នៅក្នុងសមាគម សរុបមានចំនួន ៦៥៤នាក់ ក្នុងនេះមានស្រី្ត ២៨៤នាក់។

កន្លងមកលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រធានកិត្តិយស ស្ថាបនិកសមាគម និងលោក ចាប តូ តែងតែគិតគូរចំពោះសុខទុក្ខ និងសុខមាលភាពរបស់ជនមានពិការភាព ដោយស្វែងរកជំនួយសប្បុរស និងស្នើសុំកិច្ចអន្តរាគមន៍ ពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន មន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យជប៉ុន មន្ទីរពេទ្យកុមារជាតិ ដើម្បីជួយព្យាបាល និងវះកាត់ សម្រាលកូន ជូនជនពិការ។

លោកប្រធានមន្ទីរពេទ្យកម្ពុជាគុយវ៉ែត បានលើកឡើងថា ពេលដែលជនមានពិការភាពមកទទួលសេវានៅមន្ទីរពេទ្យនេះ ទោះបីជាត្រូវការវះកាត់ធ្ងន់ធ្ងរក្ដីក៏មន្ទីរពេទ្យមិនតម្រូវឲ្យបង់ប្រាក់ឡើយ។

លោកស្រីនាយិកាអង្គការ វិថីយុវជនកម្ពុជា ក៏បានលើកឡើងផងដែរថា លោកស្រីនឹងព្យាយាមរកម្ចាស់ជំនួយដើម្បីជួយឧបត្ថម្ភម្ហូបអាហារ ព្រមទាំងរកមុខជំនាញនិងការងារបន្ថែមទៀតជូនដល់ជនមានពិការភាពដែលជាសមាជិក សមាជិការបស់សមាគមតន្ត្រីសំនៀងជនពិការ។

នៅក្នុងឱកាសនោះផងដែលលោកស្រី ឆៃ ច័ន្ទរិទ្ធី សូលីដា បានថ្លែងថា ជនមានពិការភាពត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានផ្តល់នូវក្តីអាណិត ក្ដីស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ជនមានពិការភាពគ្រប់ៗរូប។ លោកស្រីកោតសរសើរដោយស្មោះជូនចំពោះ លោកស្រី ញ៉ែម មរកត និងលោក ចាប តូ ដែលបានព្យាយាមទំនាក់ទំនងជាមួយ និងមន្ទីរពេទ្យនានា ដើម្បីបញ្ជូនជនមានពិការភាពចូលសម្រាកព្យាបាល វះកាត់ សម្រាលកូនក្នុងរយៈពេលកន្លងមកដល់ជនមានពិការភាពយ៉ាងច្រើន និងបានគិតគូរ ពីសុខទុក្ខ ទាំងជីវភាព សុខភាព វិស័យច្បាប់ ដោយបង្ករឱកាសដល់ជនពិការភាពឲ្យទទួលបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានអត្តសញ្ញាណកម្មក្រីក្រ ប័ណ្ណសមធម៌ សុខាភិបាល ប័ណ្ណអត្តសញ្ញាណកម្មជនពិការ និងប័ណ្ណ បសស និងជួយសម្រួលជម្រុញឲ្យជនពិការទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។

លោកស្រី សូមចូលរួមគាំទ្រឧបត្ថម្ភ និងផ្តល់ភាពកក់ក្តៅចំពោះជនមានពិការភាព មិនទុកឱ្យជនមានពិការភាពនៅឯកោឡើយ។ លោកស្រី ក្នុងនាមក្រុមគ្រួសារជនមានពិការភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធានមន្ទីរពេទ្យកម្ពុជា គុយវែត លោកស្រីនាយិកាអង្គការវិថីយុវជន លោកប្រធានសមាគមប្រភពល្អកម្ពុជា ដែលបានជួយពិគ្រោះនិងពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃនិងរៀបចំម្ហូបអាហារទទួលទានក្នុងកម្មវិធីសំណេះសំណាលដល់ជនមានពិការភាពភ្នែក និងកាយសម្បទាចំនួន ១៧២នាក់៕