(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់បន្ថែមពីនិតិវិធីនៃការបិទអាជីវកម្មជាប់ពន្ធតូច ដែលក្នុងនោះអគ្គនាយកដ្ឋានពន្ធដារមិនតម្រូវឱ្យអ្នកជាប់ពន្ធបង់ប្រាក់សេវាបិទនោះទេ។
លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ស្តីពី កាតព្វកិច្ចសារពើពន្ធ ចំពោះអ្នកជាប់ពន្ធតូច និងមធ្យម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ថា សម្រាប់និតិវិធីក្នុងការបិទសហគ្រាសធុនតូច ម្ចាស់អាជីវកម្មត្រូវដាក់សំណើរមកអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកឯកសារពាក់ព័ន្ធ ដែលរដ្ឋបាលសារពើពន្ធតម្រូវ ដូចជាប៉ាតង់ លិខិតប្រកាសពន្ធជាដើម ដើម្បីឱ្យរដ្ឋបាលសារពើពន្ធពិនិត្យឯកសារទាំងនោះ និងធ្វើការបិទអាជីវកម្មនោះ។
លោកបានអះអាងថា ក្នុងថាបិទអាជីវកម្មជាប់ពន្ធតូចនេះ នឹងមិនតម្រូវឱ្យបងកម្រៃសេវានោះទេ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធក៏នឹងមិនចុះធ្វើសវនកម្ម ដូចសហគ្រាសធុនមធ្យម និងធំនោះឡើយ គ្រាន់តែតម្រូវឱ្យម្ចាស់សហគ្រាសនោះមកពន្យល់បំភ្លឺប៉ុណ្ណោះ។
កន្លងមកមានលើកឡើងពីម្ចាស់អាជីវកម្មមួយចំនួនថា រាល់ពេលបិទអាជីវកម្មនឹងត្រូវអស់កម្រៃសេវា។ ត្រង់ចំណុចនេះ លោកបានពន្យល់យ៉ាងដូច្នេះថា ការយកកម្រៃសេវានេះ គឺមិនមែនអគ្គនាយកដ្ឋានពន្ធអ្នកយកនោះទេ អាចមកពីម្ចាស់អាជីវកម្មនោះគាត់ឱ្យភ្នាក់ងារអ្នករត់ការជំនួស ហេតុនេះហើយ ទើបតម្រូវឱ្យម្ចាស់អាជីវកម្ម បង់កម្រៃសេវាឱ្យទៅភ្នាក់ងារនោះ។
ជាមួយគ្នានេះ លោក ម៉ា បូរ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា បើទោះបីជា ការបិទអាជីវកម្មជាប់ពន្ធតូចនេះ មិនគិតកម្រៃសេវាក៏ពិតមែន ប៉ុន្តែអគ្គនាយកដ្ឋានពន្ធនឹងពិនិត្យទៅលើពន្ធដែលមិនទាន់បានបង់កន្លងមក។ ប្រសិនបើពិនិត្យទៅមានបញ្ហាច្រើន អាចនឹងធ្វើការពិនិត្យបន្ថែម ឬធ្វើសវនកម្ម តាមជាក់ស្តែង។
សូមជម្រាបថា អ្នកជាប់ពន្ធតូចបច្ចុប្បន្ន មានផលរបរ 250 លានរៀល ដល់ 1000 លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ រីឯវិស័យឧស្សាហកម្ម មានផលរបរចាប់ពី 250 លានរៀល ដល់ 1600 លានរៀល៕