(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ ក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ៥០០នាក់ មកពីរោងចក្រ ឌីន ហាន នៅភូមិតំណាក់ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជំនួបជាមួយកម្មករ កម្មការិនីនៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រមុខ លើការបង្កើតការងារជូនប្រជាពលរដ្ឋតាមរយៈជំរុញការបង្កើតរោងចក្រសហគ្រាស និងការទាក់ទាញការវិនិយោគពីក្រៅប្រទេសជាដើម។
លោក យូ សិរីវុឌ្ឍ បានលើកឡើងថា សម្តចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់លើការបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតគោលនយោបាយវិនិយោគ គាំពារវិស័យឯកជន និងចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនោះ សម្តេចតេជោតែងស្វះស្វែងរកការវិនិយោគពីក្រៅប្រទេសផងដែរ។ រាល់ពេលទស្សនកិច្ចនៅក្រៅប្រទេស ឬជួបជាមួយភ្ញៀវបរទេស សម្តេចតេជោមិនភ្លេចឡើយការអំពាវនាវឱ្យពួកគេវិនិយោគនៅកម្ពុជា។
សម្រាប់លោក យូ សិរីវុឌ្ឍ គោលនយោបាយវិនិយោគ និងការយកចិត្តទុកដាក់លើការវិនិយោគនេះហើយ ជាហេតុនាំឱ្យមានការបង្កើតការដ្ឋានការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ ជាមួយប្រាក់ឈ្នួលកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ ក៏បានលើកឡើងផងដែរថា ពីកត្តាសុខសន្តិភាព។ សុខសន្តិភាពនេះហើយ ដែលនាំឱ្យមានការវិនិយោគ និងធានាមានការងារជូនប្រជាពលរដ្ឋនោះ។
ក្នុងន័យនេះ ទាំងលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានណែនាំឱ្យកម្មករ កម្មការិនីទាំងអស់ ត្រូវរួមគ្នាការពារសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ដើម្បីមានការងារធ្វើបន្ត និងលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរ។ ជាពិសេសរក្សាសុខសន្តិភាពអោយបាន។
លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានអំពាវនាវកម្មករ កម្មារិនី ឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ បន្តដឹកនាំប្រទេសជាជំហររក្សាសុខសន្តិភាព និងរក្សាការងារជូនបងប្អូនកម្មករ កម្មការីនីទូទាំងប្រទេសកម្ពុជា។
លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ក៏បានស្នើឱ្យកម្មករ កម្មការិនីទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការងារ ហើយបើមានបញ្ហាត្រូវជជែកដោះស្រាយបញ្ហាដោយសន្តិវិធី កុំធ្វើសកម្មភាពនានា ដែលអាចនាំឱ្យរំខានដល់សង្វាក់ផលិតកម្ម៕