(ភ្នំពេញ)៖ កាលពីម្សិលមិញមានរូបថតមួយចំនួនបានបង្ហាញថា អគ្គលេខាធិការគណបក្សភ្លើងទៀន មានវត្តមាននៅវត្តភ្នំសេរីរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅសហរដ្ឋអាមេរិក បានជួបជុំគ្នាពិភាក្សារៀបចំកិច្ចការគណបក្សភ្លើងទៀន ហើយវត្តភ្នំសេរីក៏ជាទីកន្លែងនៃការជួបជុំរវាង មេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និង មួ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត។

នៅពេលនេះវិដេអូភស្តុតាងថ្មីមួយទៀតបានបង្ហាញថា លោក អេង ឆៃអ៊ាង និង ឡុង រី ចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ សហរដ្ឋអាមេរិក។ វិដេអូនេះត្រូវបានបង្ហោះនៅលើហ្វេសប៊ុក កុមារពេជ្រ បានសរសេរបញ្ជាក់ថា «អេង ឆៃអ៊ាង និងឡុង រី លើកដៃស៊ីញ៉េថា កុំថតប្រយ័ត្នបែកធ្លាយវីដេអូ»។

តាមការលើកឡើង អ្នកដែលបានចូលរួមនៅទីនោះបានទម្លាយឲ្យដឹងថា លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ក៏បាននិយាយនៅក្នុង ពិធីជួបជុំពិភាក្សានោះដែរថា ក្រុមលោកនៅសមរភូមិមុខ រីឯលោក សម រង្ស៉ី, លោក អេង ឆៃអ៊ាង ឡុង រី និង មូរ សុខហួរ នៅចាំជួយពីក្រោយ។

ការជួបជុំគ្នារវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង និង មួ សុខហួ គឺជាការបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចនឹងត្រូវតុលាការរំលាយផងដែរ។ ដូច្នេះគណបក្សភ្លើងទៀន ត្រូវមានការប្រុងប្រយ័ត្ឋ ជៀសវាងត្រូវតុលាការរំលាយចោល។

សូមជំរាបថា នាពេលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសជាច្រើនដងរួចមកហើយថា គណបក្សណាក៏ដោយ បើជាប់ពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី និងបុគ្គលមួយចំនួនដែលជាជនក្បត់ជាតិ នោះអាចប្រឈមការកាត់ក្តីរំលាយចោលដោយតុលាការកំពូល ព្រោះជាសកម្មភាពបំពាននឹងច្បាប់ស្តីពីគណបក្សនយោបាយ៕