(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

ជាមួយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅស្ថានទូតអាមេរិក លោកឧបនាយករដ្ឋមន្ត្រី អ្នកការទូតដ៏ចំណានរបស់កម្ពុជា បានបង្ហាញទំនុកចិត្តថា ទំនាក់ទំនងកម្ពុជា និងអាមេរិក នឹងបន្តរីកលូតលាស់ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់លើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ «ពិតជាមានក្តីសោមនស្សរីករាយ ដែលបានអមសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅធ្វើទស្សនកិច្ចនៅស្ថានទូតអាមេរិក ក្នុងទីក្រុងភ្នំពេញកាលពីល្ងាចម្សិលមិញ​ ខណៈយើងរួមគ្នាសាទរដំណាច់ឆ្នាំ»។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា «ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង»។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនកិច្ចនៅស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក ផាទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិក និងបុគ្គលិកបម្រើការងារនៅស្ថានទូតអាមេរិក។

យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិក បានគូសបញ្ជាក់ថា ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត មូហ្វី និងសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី ហើយរំពឹងថា ឆ្នាំ២០២៣ នឹងជាឆ្នាំល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។

តាមរយៈការផ្សព្វផ្សាយនោះ សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក។

ស្ថានទូតអាមេរិក ក៏បានគូសរំលេចដែរថា ចំពោះការគាំទ្ររបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន លើកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក-អាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាការបដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា នៅរាជធានីភ្នំពេញ និងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក-អាស៊ាន។

ស្ថានទូតអាមេរិក ប្រកាសស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕