(បាត់ដំបង)៖ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសតែងតាំងនិងចូលកាន់តំណែងលោក ស្រេង សុខា ជាសមាជិកគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងវត្តមានថ្នាក់ដឹកនាំនៃគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងសមាជិកដែលពាក់ព័ន្ធជាច្រើនរូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាណន់។

នាឱកាសនោះ លោក សុខ លូ បានផ្ដាំផ្ញើចំពោះលោក ស្រេង សុខា ក៏ដូចជាសមាជិកគណៈកម្មការគណបក្សស្រុកបាណន់ ត្រូវមានសាមគ្គីផ្ទៃក្នុងជាមួយគ្នា រួមគ្នាបំពេញការងារជូនគណបក្ស និងប្រទេសកម្ពុជា។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបានរំលឹកពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនាចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

លោក សុខ លូ ក៏បានណែនាំឱ្យសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវបន្តការជឿជាក់លើការដឹកនាំរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជានិច្ចនិរន្តរ៍៕