(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនកងកម្លាំងសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ក្នុងនោះរួមមានកងកម្លាំងអនុសេនាធំលេខ១ កងកម្លាំងវរការពារព្រំដែនលេខ៥០១ កងកម្លាំងវរសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥។

លោក ខូយ រីដា បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន រួមទាំងលោក ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងយោធា និងកងកម្លាំងនគរបាលដែលកំពុងឈរជើងការពារព្រំដែន (សមរភូមិមុខ) និងសម្តែងការកោតសរសើររាល់ការពុះពារការលំបាកខិតខំបំពេញភារកិច្ចរបស់កងម្លាំង ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយបានល្អប្រសើរ។ បន្ថែមពីនោះ លោកបានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង និងមិនត្រូវធ្វើកិច្ចការងារណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់កិច្ចដំណើរការបើកច្រកព្រំដែនមួយនេះទៅជាច្រកអន្តរជាតិនោះឡើយ។

លោកបានឱ្យដឹងថា បើទោះបីជាលោកទើបនឹងចូលកាន់មុខតំណែង ជាអភិបាលគ្រប់គ្រង និងដឹកនាំខេត្ត បានរយៈពេលជាង១ខែមកនេះ លោកបានចាប់អារម្មណ៍នឹងគិតគូរខ្ពស់ពីសុខទុក្ខ និងបានផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការចុះសាកសួរសុខទុក្ខ និងនាំយកអំណាយទៅប្រគល់ជូនកងកម្លាំងយោធា និងកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារខ្សែបន្ទាប់ព្រំដែន ជាក់ស្តែងដូចជាកងកម្លាំងអនុសេនាធំលេខ១ កងកម្លាំងវរការពារព្រំដែនលេខ៥០១ កងកម្លាំងវរសេនាតូចលេខ១ និងកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ជាមួយគ្នានោះ លោកនឹងខិតខំព្យាយាមរកពេលវេលាសមស្របណាមួយ ដើម្បីចុះសួរសុខទុក្ខបងប្អូនកងកម្លាំងទាំងអស់ឱ្យបានមួយឆ្នាំ២ដង។

លោកបានថ្លែងទៀតថា ដើម្បីធានាដល់ភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្តរបស់ប្រជាជននាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយ ជាបុព្វហេតុដើម្បីធានាឱ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ទៅមុខ ដែលនេះគឺជាស្នាដៃនិងជាសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។ លោក ខូយ រីដា ក៏បានវាយតម្លៃខ្ពស់ដល់កងជួរមុខទាំងអស់ ដែលមានទឹកចិត្តមោះមុខ ក្នុងការការពារទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់ប្រកបដោយភាពអង់អាចក្លាហាន។

អំណោយរបស់សម្តេចតេជោដែលត្រូវប្រគល់ជូនកងកម្លាំងជួរមុខចំនួន៤អង្គភាព ដោយក្នុងមួយអង្គភាពទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ប្រហុក ត្រីងៀត ស្រាបៀរ អាវរងារ និងថវិកាតាមកំណត់អង្គភាពធំតូច ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមរបស់អង្គភាពនីមួយៗ ទាក់ទងនឹងការស្នើសុំស័ង្កសី ធុងទឹកជ័រ ក្បឿង បង្គោលអង់តែន, អគារសាលារៀន និងដីសម្រាប់អាស្រ័យផលផងដែរ៕